ភ្នំពេញ៖ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញសិស្សនិទ្ទេស A អន ផានិត និងក្រុមគ្រួសារ មកគេហដ្ឋានរបស់សម្តេចផ្ទាល់។
សម្តេចតេជោ បានកោតសរសើរដល់ ផានិត ដែលបានខិតខំរៀនសូត្រ និងជាក្មេងដែលប្រកបដោយគុណធម៌ និងមានការចេះដឹងសក្តិសមជាសិស្សនិទ្ទេស A។ ជាមួយគ្នានេះសម្តេចតេជោ ស្ញប់ស្ញែងឪពុកម្តាយផានិតដែលជាជនពិការ ជាមនុស្សគួរឱ្យគោរព ដែលបានលះបង់គ្រប់យ៉ាងដើម្បីឱ្យកូនបានរៀនសូត្រ។
សម្តេចតេជោ បានគូសបញ្ជាក់ថា សម្រាប់ការសិក្សារបស់ផានិតទៅថ្នាក់បរិញ្ញាបត្រ សម្តេចថានឹងធានាផ្គត់ផ្គង់រាប់រងទាំងអស់ ចំណែកជីវភាពរស់នៅរបស់ឪពុកម្តាយរបស់ផានិតវិញ សម្តេចក៏នឹងជួយផងដែរ។
សម្តេចបានសរសេរនៅក្នុងឆាណែលតេឡេក្រាមដូច្នេះថា៖ នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ផានិតសម្រាប់ការរៀនសូត្រនៅភ្នំពេញផងនិងឪពុកម្តាយនៅឯស្រុកកំណើតផង។ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្មពីឪពុកម្តាយនៅឯស្រុកនិងកុំឱ្យឪពុកម្តាយបារម្មពីផានិតដែលរៀននៅភ្នំពេញ។
គូសបញ្ជាក់ថា យុវជន អន ផានិត កាលពីសប្តាហ៍មុនបានមកប្រឡងដើម្បីសិក្សាផ្នែកវិស្វកម្មសំណង់ស៊ីវិល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលជាជំនាញដែល ផានិត ស្រឡាញ់ និងប៉ងប្រាថ្នាចង់រៀន៕