អ្នកនាំពាក្យរាជរដ្ឋាភិបាលថាប្រសាសន៍របស់នាយករដ្ឋមន្ត្រីទាក់ទងនឹងសាសនាមិនសំដៅលើសកម្មភាពរបស់ព្រះធម្មវនវាសី ចន្ទមុនី នោះទេ
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថាការលើកឡើងរបស់នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួង បរិស្ថាន ទាក់ទងនឹងសាសនាគឺមិនសំដៅលើសកម្មភាពរបស់ព្រះធម្មវនវាសី ចន្ទមុនី នោះទេ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញមកបញ្ជាក់នៅពេលនេះគឺបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់នាយករដ្ឋមន្ត្រីដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតី បានបិទមិនឱ្យព្រះធម្មវនវាសី ចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីមុនទៀត។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា សម្តេចធិបតី បានណែនាំឱ្យ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ពិនិត្យមើលសកម្មភាពគ្រូបារមីចូលរូបមួយចំនួនដែលកំពុងបំពុលសង្គម ដោយ គ្មានមូលដ្ឋានច្បាស់លាស់ និងបានធ្វើឱ្យប៉ះពាល់ដល់តម្លៃសាសនា និងតម្លៃសង្គម។
ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ «សូមបញ្ជាក់ជូនសាធារណជនជ្រាបថា ប្រសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានសំដៅទៅលើ ព្រះធម្មវនវាសី ចន្ទមុនី នោះឡើយ គឺចង់សំដៅទៅលើតែគ្រូបារមីចូលរូបមួយចំនួនប៉ុណ្ណោះ»៕