ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី៩ (វិញ្ញាសាសរសេរ) បានបញ្ចប់រួចរាល់ហើយនៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែធ្នូនេះ នៅមណ្ឌលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (អគារ T)។ ការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី៩នេះ រៀបចំឡើងដោយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានៅមណ្ឌលប្រឡង “សាកលវិទ្យាល័យភូមិន្ទភ្នំពេញ អគារ T" ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការប្រឡងប្រជែងនេះផងដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ ការរៀបចំប្រឡងប្រជែងនេះដឹកនាំដោយគណៈកម្មការនាយក ដែលមានសមាសភាពពីក្រសួងយុត្តិធម៌ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងមានការចូលរួមសង្កេតការណ៍ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ នៅគ្រប់ដំណាក់កាលនៃការប្រឡងប្រជែង ដើម្បីធានានូវយុត្តិធម៌ តម្លាភាព ភាពឥតលម្អៀង រក្សាសណ្តាប់ធ្នាប់របៀបរៀបរយ និងលុបបំបាត់អំពើអសកម្មនានា ក្នុងកិច្ចដំណើរការនៃការប្រឡងប្រជែង។
ការប្រឡងប្រជែងលើវិញ្ញាសាសរសេរ មានចំនួន ៣មុខវិជ្ជា ក្នុងនោះមានមុខវិជ្ជានីតិរដ្ឋធម្មនុញ មុខវិជ្ជានីតិព្រហ្មទណ្ឌ និងមុខវិជ្ជានីតិរដ្ឋប្បវេណី ដែលបេក្ខជនទទួលស្គាល់អនុញ្ញាតឱ្យចូលរួមប្រឡងប្រជែងសរុបចំនួន ១ ៤៤៨នាក់ (ស្រីចំនួន ៧០២នាក់)៕