អង់គ្លេស៖ អ្នកចាត់ការ Erik Ten Hag និយាយថា ក្លិប Manchester United មានក្រុមកីឡាករដែលអាចប្រជែងជាមួយក្រុមខ្លាំងៗកំពូលតារាងនៃក្របខណ្ឌ Premier League បាន។ លោកនិយាយបែបនេះ ក្នុងគោលបំណងលើកទឹកចិត្តក្រុមទាំងមូលឱ្យធ្វើបានល្អបំផុត នៅពេលដែលកីឡាករសំខាន់ៗជាសះស្បើយពីរបួសមកចូលរួមជាមួយក្រុមវិញ។
Manchester United ដែលបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៧ និងដាច់ ៦ពិន្ទុពីតំបន់ Top4 បានខកខានក្នុងការរកគ្រាប់បាល់បញ្ចូលទីចំនួន ៣ប្រកួតជាប់ៗគ្នារួចមកហើយ ពោលគឺចាញ់ក្រុម AFC Bournemouth និង Bayern Munich មុនពេលស្មើគ្នាដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីទល់នឹង Liverpool។
ក្រុមរបស់លោក Ten Hag ប្រឈមនឹងបញ្ហារបួសរបស់កីឡាករជាច្រើនដូចជា Casemiro, Lisandro Martinez, Mason Mount, Tyrell Malacia, Victor Lindelof និង Amad Diallo ជាដើម។ លោក Ten Hag បាននិយាយប្រាប់មកកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា៖ "ខ្ញុំគិតថាអ្វីដែលធ្វើឱ្យយើងឈឺចាប់ គឺកីឡាករក្នុងតួនាទីសំខាន់ៗរបស់យើងកំពុងមានបញ្ហា ដែលយើងត្រូវប្រឈមមុខនិងដោះស្រាយ។ ប៉ុន្តែអ្នករាល់គ្នាសុទ្ធតែអាចយល់បានថា នៅពេលដែលអ្នកមានកីឡាករសំខាន់ដែលមិនអាចប្រើបាន វានឹងមានការជះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលក្រុម យ៉ាងណាមិញ យើងកំពុងស្ថិតនៅចំណុចដែលយើងអាចផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន និងការផ្លាស់ប្តូរស្ថានភាពក្រុមក្នុងរដូវកាលនេះ"។ លោកបន្តថា៖ "ខ្ញុំមានទំនុកចិត្ត នៅពេលដែលកីឡាករត្រលប់មកវិញ (នៅពេលជាសះស្បើយ) ពួកយើងនឹងមានក្រុមល្អ និងខ្លាំងមួយ។ ជាក់ស្តែង Liverpool គឺជាក្រុមកំពូលតារាង (កាលពីចុងសប្តាហ៍មុន) ហើយពួកយើងអាចប្រកួតប្រជែងជាមួយពួកគេបាន ... ដូច្នេះ Manchester United គឺជាក្រុមខ្លាំងនៅពេលដែលគ្រប់គ្នារួមគ្នា ហើយយើងអាចយកឈ្នះគ្រប់ក្រុមទាំងអស់បាន"។
គួរឱ្យដឹងថា សម្រាប់កាលវិភាគប្រកួតបន្ទាប់ Manchester United នឹងត្រូវធ្វើដំណើរទៅប្រកួតនៅកីឡដ្ឋានទីក្រុង ឡុងដ៍ ទល់នឹង West Ham United នាយប់ថ្ងៃសៅរ៍នេះ មុននឹងបើកទ្វារផ្ទះស្វាគមន៍៍ Aston Villa នៅយប់ថ្ងៃអង្គារ៕