ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងពាណិជ្ជកម្មរក្សាទីផ្សារដែលមានស្រាប់ និងបង្កើនទីផ្សារថ្មីបន្ថែមទៀត។
ថ្លែងនៅក្នុងពិធី«បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤» នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី បានលើកឡើងថា៖«ទីផ្សារថ្មី យើងត្រូវធ្វើ ប៉ុន្តែទីផ្សារដែលមានស្រាប់ ត្រូវធ្វើម៉េចកុំឱ្យបាត់ ឱ្យមានលទ្ធភាពទាញឱ្យបានអតិបរិមា តាមរយៈកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី»។
សម្តេចធិបតី បានកោតសរសើរដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល និងក្រុមការងារដែលធ្វើកិច្ចការបានលឿន និងមានប្រសិទ្ធភាព។ ជាក់ស្តែងកាលជំនួបជាមួយភាគីឥណ្ឌូណេស៊ី កម្ពុជាបានសម្រេចសមិទ្ធផលដោយប្រទេសឥណ្ឌូណេស៊ីបានឯកភាពនាំចេញអង្គរពីកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងដែលអមដំណើរជាមួយសម្តេចទៅបរទេស ត្រូវឆ្លៀតឱកាសជួបជាមួយដៃគូអន្តរជាតិ ដើម្បីទាញលំហូរពាណិជ្ជកម្មមកកាន់កម្ពុជាបន្ថែមទៀត៕