អន្តរជាតិ៖ សហរដ្ឋអាមេរិក និងចិន បានទទួលជោគជ័យយ៉ាងធំមួយលើទំនាក់ទំនងការទូតជុំវិញបញ្ហាអាកាសធាតុពិភពលោក តាមរយៈទំនាក់ទំនងយ៉ាងល្អរបស់បេសកជនពិសេសទទួលបន្ទុកកិច្ចការអាកាសធាតុទាំងពីររូបរបស់ខ្លួន។ យ៉ាងណាមិញ ទំនាក់ទំនងល្អនៃបេសកជន ក៏ដូចជារវាងប្រទេសទាំងពីរជុំវិញបញ្ហាអាកាសធាតុពិភពលោកនេះ នឹងត្រូវឈានដល់របត់ថ្មីមួយ ក្រោយពេលដែលបេសកជនពិសេសរបស់ចិនដល់ពេលចូលនិវត្តន៍ ហើយសហរដ្ឋអាមេរិកឯណេះវិញកំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី។
នៅក្នុងបទសម្ភាសន៍ជាមួយ Reuters បេសកជនពិសេសផ្នែកអាកាសធាតុរបស់សហរដ្ឋអាមេរិក លោក John Kerry បានបង្ហាញភាពមិនច្បាស់លាស់អំពីផែនការរបស់លោកសម្រាប់ពេលអនាគត។ លោកបាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 កាលពីសប្តាហ៍មុនថា "មិនថាពេលខាងមុខមានអ្វីផ្លាស់ប្តូរនោះទេ ខ្ញុំនឹងព្យាយាមធ្វើកិច្ចការងារអ្វីដែលមានប្រសិទ្ធភាពបំផុត"។ លោកបន្ថែមថា៖ "ខ្ញុំមិនទាន់បានសម្រេចលើបញ្ហាអ្វីមួយនៅឡើយទេ។ ហើយខ្ញុំនឹងបន្តការងារនេះ ដរាបណាព្រះប្រទានឱ្យខ្ញុំនូវដង្ហើម និងធ្វើការលើវា (ការងារអាកាសធាតុ) តាមមធ្យោបាយផ្សេងៗតាមដែលអាចធ្វើបាន"។
កិច្ចព្រមព្រៀងចុងក្រោយនៃកិច្ចប្រជុំកំពូល COP28 ក៏បានកត់សម្គាល់សកម្មភាពផ្លូវការចុងក្រោយរបស់លោក John Kerry ជាមួយដៃគូដ៏សំខាន់គឺលោក Xie Zhenhua បច្ចុប្បន្នមានវ័យ ៧៥ឆ្នាំ ដែលលោកគឺជាបេសកជនពិសេសរបស់ចិនក្នុងការតំណាងឱ្យមហាយក្សអាស៊ីមួយនេះលើឆាកអន្តរជាតិ ពាក់ព័ន្ធនឹងកិច្ចការចរចាជុំវិញបញ្ហាអាកាសធាតុពិភពលោក។ ជោគជ័យនៃកិច្ចព្រមព្រៀងថ្មីមួយ ដែលជាការរួមចំណែកពីសំណើរបស់អាមេរិក-ចិន ដែលបានសម្រេចដោយភាគីទាំងពីរកាលពីមួយខែមុនក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះត្រូវបានគេឱ្យឈ្មោះថា "Sunnyland" ដែលលោក Kerry និងលោក Xie ក្នុងគោលបំណងបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងជំនួសមកវិញដោយការប្រើប្រាស់ឃ្លា ពន្លឿនការជំនួសដោយការបង្កើតធ្យូងថ្ម ប្រេង និងឧស្ម័ន។
ដំណាក់កាលថ្មីនេះ ត្រូវបានប្រើប្រាស់ជាមួយនឹងការប្តេជ្ញារួមមួយដើម្បីជំរុញថាមពលកកើតឡើងវិញ បានវិវត្តទៅក្នុងការអំពាវនាវកណ្តាលនៃកិច្ចព្រមព្រៀង COP28 សម្រាប់ប្រទេសនានាឱ្យបង្កើនសមត្ថភាពថាមពលកកើតឡើងវិញឱ្យបានច្រើនជាងមុនបីដង ដែលជាមធ្យោបាយមួយនៃ "ការផ្លាស់ប្តូរចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល"។ កិច្ចសហប្រតិបត្តិការតែមួយគត់រវាងសហរដ្ឋអាមេរិក និងចិនលើបម្រែបម្រួលអាកាសធាតុនេះ ក៏នឹងអាចជាគន្លឹះក្នុងការជំរុញសកម្មភាពអាកាសធាតុនៅទូទាំងពិភពលោកផងដែរ ដោយសារគោលនយោបាយដែលបានកំណត់ក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេពីររបស់ពិភពលោក និងមានឥទ្ធិពលប៉ះពាល់ដល់និន្នាការថាមពលជាអន្តរជាតិ។
យ៉ាងណាមិញ សន្ទុះនៃកិច្ចព្រមព្រៀងនេះអាចបន្តបានរលូនឬយ៉ាងណានោះ អាស្រ័យទៅលើដំណាក់កាលបន្ទាប់ទៅមុខ ពោលគឺនឹងអាចមានការប្រែប្រួលប្រសិនបើលោកប្រធានាធិបតី Joe Biden បរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ដែលគ្រោងធ្វើនៅឆ្នាំ២០២៤នេះ។ បើទោះជាការបោះឆ្នោតនៅសល់ពេលដល់ទៅជាង ១១ខែទៀតយ៉ាងណាក៏ដោយ ប៉ុន្តែលោក Joe Biden កំពុងស្ថិតក្នុងការប្រកួតប្រជែងខ្លាំងពីសំណាក់អតីតប្រធានាធិបតី Donald Trump ដែលជាអ្នកបដិសេធលើកិច្ចព្រមព្រៀងអាកាសធាតុដែលបានបំផ្លាញទំនាក់ទំនងការទូតលើកិច្ចការអាកាសធាតុរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ៕