BREAKING NEWS: នាយករដ្ឋមន្ត្រីបញ្ជាឲ្យបណ្ដេញមន្ត្រីប្រដាប់អាវុធដែលមានសារធាតុញៀនចេញពីក្របខណ្ឌ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញបញ្ជាឱ្យបោសសំអាតគ្រឿងញៀន និងត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធ ដើម្បីឈានទៅគោលដៅលុបបំបាត់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។
សម្តេចធិបតីថ្លែងដូចនេះក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងបរិស្ថាននៅល្ងាចថ្ងៃព្រហស្បតិ៍ទី២១ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចថ្លែងថា៖ «ត្រូវបោសសំអាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធ ត្រូវតែធ្វើមុនគេ ពីព្រោះអ្នកអនុវត្តច្បាប់ត្រូវស្អាតមុនគេ»។
សម្តេចធិបតីបានបញ្ជាក់ថា មន្រ្ដីដែលពាក់ព័ន្ធនឹងសារធាតុញៀន គឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ហើយសម្រាប់មន្ត្រីដែលជួញដូរគ្រឿងញៀនក៏ត្រូវបណ្តេញចេញពីក្របខណ្ឌ ហើយត្រូវប្រឈមមុខច្បាប់។ ដោយឡែក ចំពោះជនបរទេសដែលមានពាក់ព័ន្ធនឹងគ្រឿងញៀន នោះត្រូវអនុវត្តតាមច្បាប់ និងបណ្តេញចេញពីកម្ពុជាផងដែរ។
សម្តេចធិបតីណែនាំឱ្យ ក្រសួងមហាផ្ទៃ ក្រសួងកាពារជាតិ អគ្គស្នងការស្នងការនគរបាលជាតិ អគ្គបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំងអស់ អនុវត្តឱ្យបានម៉ឺងមាត់ ចំពោះមន្រ្តីណាដែលមានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនត្រូវបណ្តេញចេញពីក្របខណ្ឌតែម្តង។
គួរឱ្យដឹងដែរថា សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ថ្មីៗនេះ បានបណ្ដេញនគរបាលប្រឆាំងគ្រឿងញៀនថ្នាក់វរសេនីយត្រីមួយរូបចេញពីក្របខ័ណ្ឌនគរបាលជាតិ ដែលជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មន្ត្រីរូបនេះត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារតែក្រសួងរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩៕