លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

មេដឹកនាំហ្គាហ្សាទៅទឹកដីអេហ្ស៊ីប ពិភាក្សាពីបទឈប់បាញ់ និងចំណាប់ខ្មាំង

អេហ្ស៊ីប៖ មេដឹកនាំក្រុមហាម៉ាស បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសអេហ្ស៊ីបនៅថ្ងៃពុធ ទី២០ ខែធ្នូម្សិលមិញនេះ ខណៈគេមានក្ដីសង្ឃឹមថាអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនអាចនឹងឈានទៅរកកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងថ្មីមួយផ្សេងទៀតនៅក្នុងសង្គ្រាមតំបន់ហ្គាហ្សា។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានឱ្យដឹងថា លោក Ismail Haniyeh ដែលបានធ្វើដំណើរមកកាន់រដ្ឋធានី Cairo ប្រទេសអេហ្ស៊ីប ក្នុងគោលបំណងចូលរួមពិភាក្សាអំពី "បញ្ហាដែលកំពុងក្ដៅគគុកនៅតំបន់ហ្គាហ្សា និងបញ្ហាប្រឈមធំៗមួយចំនួនទៀត"។ 

ប្រភព​ស្និទ្ធ​នឹង​ក្រុម​នេះ​បាន​ប្រាប់មកកាន់សារព័ត៌មាន AFP ថា លោក Ismail Haniyeh នឹងជួបជជែកការងារជាមួយប្រធាន​ចារកម្ម​អេហ្ស៊ីប​សម្រាប់​ការ​ពិភាក្សា​ស្តីពី "ការ​បញ្ឈប់​ការ​ឈ្លានពាន និង​សង្រ្គាម ដើម្បី​រៀបចំ​កិច្ច​ព្រមព្រៀង​មួយ​សម្រាប់​ការ​ដោះលែង​អ្នក​ទោស"។ ក្រៅពីជំនួបជាមួយប្រធានចារកម្មអេហ្ស៊ីប លោក Haniyeh ក៏នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ Hossein Amir Abdollahian ផងដែរ។ 

នាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោក Benjamin Netanyahu បានប្រាប់ក្រុមគ្រួសារចំណាប់ខ្មាំងកាលពីល្ងាចថ្ងៃអង្គារកន្លងទៅថា លោកបានបញ្ជូនប្រធានចារកម្មរបស់់អ៉ីស្រាអែលទៅកាន់ទ្វីបអឺរ៉ុបចំនួន ២ដងរួចមកហើយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរំដោះចំណាប់ខ្មាំងរបស់អ៉ីស្រាអែល។ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែលបានប្រាប់ទៅកាន់សាច់ញាតិមួយចំនួននៃចំណាប់ខ្មាំងទាំង ១២៩នាក់ថា៖ "វាជាកាតព្វកិច្ចរបស់យើង ខ្ញុំទទួលខុសត្រូវចំពោះនាំឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់។ ការជួយសង្គ្រោះចំណាប់ខ្មាំងទាំងនេះ គឺជាកិច្ចការសំខាន់បំផុតរបស់យើង"។ គួរឱ្យដឹថា ចំណាប់ខ្មាំងទាំង ១២៩នាក់នោះ ត្រូវបានគេជឿថាកំពុងត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សានៅឡើយ។ 

គេហទំព័រព័ត៌មានអាមេរិក Axios បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានចារកម្មរបស់អ៉ីស្រាអែល បានជួបជាមួយនាយក CIA លោក Bill Burns និងនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman Al Thani នៅអឺរ៉ុប។ កន្លងមក ប្រទេសកាតា ដែលគាំទ្រដោយអេហ្ស៊ីប និងសហរដ្ឋអាមេរិក បានក្លាយជាភ្នាក់ងារកណ្ដាលយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានបទឈប់បាញ់រយៈពេលមួយសប្តាហ៍ និងការដោះដូរអ្នកទោសចំណាប់ខ្មាំងនៅក្នុងខែវិច្ឆិកា ដែលក្នុងនោះចំណាប់ខ្មាំងអ៉ីស្រាអែលចំនួន ៨០នាក់ត្រូវបានដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនចំនួន ២៤០នាក់។

គួររំឮកថា សង្រ្គាមបានចាប់ផ្តើមនៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានផ្ទុះឡើងចេញពីតំបន់ហ្គាហ្សាកាលពីថ្ងៃទី០៧ ខែតុលាដោយបានសម្លាប់មនុស្សប្រហែល ១,១៤០នាក់នៅក្នុងប្រទេសអ៉ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល និងបានចាប់ចំណាប់ខ្មាំងបានប្រហែល ២៥០នាក់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក