ភ្នំពេញ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មលោកស្រី ចម និម្មល បានបង្ហាញនូវមោទនភាពនៃទំហំពាណិជ្ជកម្មរបស់កម្ពុជាក្នុងពេលដែលពិភពលោកកំពុងប្រឈមភាពតានតឹងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម តែកម្ពុជានៅតែរក្សាបានទំហំនៃការនាំចេញបានខ្ពស់ដដែល។
រដ្ឋមន្ត្រីពាណិជ្ជកម្ម លោកស្រី ចម និម្មល បានថ្លែងក្នុងពិធីបើកសន្និបាទក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃព្រហស្បត្តិ ទី២១ ខែធ្នូ ឆ្នាំ២០២៣ នេះថា ទំហំពាណិជ្ជកម្មអន្តរជាតិ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ សម្រេចបាន ៤៣,៥២ពាន់លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញមានចំនួន ២១ពាន់លានដុល្លារអាមេរិក គឺមានកើនឡើង ៤,០៨% បើប្រៀបធៀបនឹងការនាំចេញរយៈពេល ១១ខែ ឆ្នាំ២០២២។
លោកស្រីថាការនាំចេញកើនឡើងនេះតាមរយៈគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជួយសម្រួលដល់សហគ្រាសធុនតូចនិងមធ្យមដែលរក្សាបាននូវដំណើរការធុរកិច្ច ការវិនិយោគនានា និងរក្សាបាននូវការងារជូនកម្មករកសិករ។
លោកស្រីបានបន្ថែមថាទំហំពាណិជ្ជកម្មរបស់កម្ពុជាក៏អាស្រ័យទៅលើកិច្ចព្រមព្រៀង RCEP ដែលកម្ពុជាបានក្លាយជាសមាជិកផងដែរដែលបានគ្រប់គ្រងជាង ៦១ភាគរយនៃទំហំពាណិជ្ជកម្មសរុប ស្មើនឹងជាង ២៦,៤៧លានដុល្លារអាមេរិក។
បើតាមលោកស្រីរដ្ឋមន្ត្រីផលិតផលកម្ពុជាដែលនាំចេញទៅក្រៅប្រទេសភាគច្រើនជាផលិតផលវាយន្តនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេត្រូនិក និងកង់ ខណៈប្រទេសដែលជាទីផ្សារធំរបស់កម្ពុជាមាន អាមេរិក កាណាដា សហភាពអឺរ៉ុប អាស៊ាន ជប៉ុន ចិន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងអូស្រ្តាលី។
សម្រាប់ទិសដៅទៅឆ្នាំ២០២៤ លោកស្រីរដ្ឋមន្ត្រីថានឹងបន្តជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើនតាមរយៈ ការពង្រឹងគុណភាពធនធានមនុស្ស ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងគុណភាពនៃការផ្តល់សេវាសាធារណៈ ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស និងការបន្តកសាងនិងធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ។ លោកស្រីថាវិធានការទាំងនេះនឹងបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគ ក៏ដូចជាពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត៕