ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា សហការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាឧស្សាហកម្មណានជីងប្រទេសចិន បង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា ក្នុងគោលបំណងបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាផ្តោតលើមុខជំនាញពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមជាមួយនឹងភាសាចិន រួមជាមួយនឹងជំនាញវិជ្ជាជីវៈនៅកម្ពុជា។
ពិធីសម្ពោធជាផ្លូវការនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា រៀបចំក្រោមអធិបតីភាពរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន និងអនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន លោក អ៊ូ យាន (WU YAN) ព្រមទាំងថ្នាក់ដឹកនាំ ភាគីពាក់ព័ន្ធកម្ពុជា-ចិន ជាច្រើនរូបទៀត នាថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។
ថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងថា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជានឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន សម្រាប់បម្រើដល់ការអភិវឌ្ឍធនធានមនុស្ស ព្រមជាមួយជាសក្ខីភាពដ៏រឹងមាំក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនកម្ពុជាចិន។
លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ការពង្រឹងគុណភាពអប់រំឧត្តមសិក្សាលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាយុទ្ធសាស្រ្តដ៏សំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដើម្បីសម្រេចនូវគោលដៅនៃការអភិវឌ្ឍប្រទេស ទើបរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគំនិតផ្តួចផ្តើមជាច្រើនក្នុងការពង្រីកវិសាលភាពនៃការទទួលបានការអប់រំនៅកម្រិតឧត្តមសិក្សា ការពង្រឹងគុណភាពបណ្តុះបណ្តាលនិងគុណភាពស្រាវជ្រាវ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ការពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា ការអភិវឌ្ឍនិងនវានុវត្តន៍ និងការជំរុញភាពជាដៃគូរវាងរដ្ឋ និង ឯកជននៅក្នុងថ្នាលអភិវឌ្ឍធនធានមនុស្សកម្ពុជា ដែលជាអាទិភាពទី១នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោក អ៊ូ យាន អនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា វិស័យអប់រំគឺជាកិច្ចការមូលដ្ឋានដ៏សំខាន់បំផុត សម្រាប់ប្រទេសជាតិ និងប្រជាជាតិ ខណៈប្រទេសទាំងអស់នៅលើ ពិភពលោកបានចាត់ទុកវិស័យអប់រំថាជា «ការវិនិយោគយុទ្ធសាស្ត្រ» សម្រាប់អនាគត និងជាមូលដ្ឋានគ្រឹះនៃភាពរុងរឿងយូរអង្វែង។
លោកបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី កម្ពុជាក៏កំពុងតែធ្វើឱ្យ វិស័យអប់រំក្លាយជាវិស័យអាទិភាព បង្កើនការវិនិយោគក្នុង វិស័យអប់រំ កំណែទម្រង់សាលារៀនស៊ីជម្រៅ ការកែលម្អ វិធីសាស្ត្របង្រៀន កែលម្អគុណភាពគ្រូបង្រៀន លើកកម្ពស់ការអប់រំឌីជីថល និងលើកកម្ពស់ការអប់រំកម្ពុជាឆ្ពោះ ទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីខិតខំសម្រេចគោលដៅប្រកបដោយមហិច្ឆិតាក្នុងការប្រែក្លាយ ជាសេដ្ឋកិច្ចដែលមាន ចំណូលមធ្យមទៅខ្ពស់ក្នុង ឆ្នាំ២០៣០។
សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) ធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ បិរញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតជាភាសាអង់គ្លេសលើមុខជំនាញដែលទាក់ទងនឹងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើបចុងក្រោយដូចជាបញ្ញាសប្បនិម្មិត វិទ្យាសាស្រ្តទិន្នន័យ សន្តិសុខប្រព័ន្ធអ៊ិនធឺណិត វិស្វកម្មរ៉ូបូត ការអភិវឌ្ឍសូហ្វវែរ ការគ្រប់គ្រងតិចណូឡូជី និងស្ថាបត្យកម្មដោយប្រព័ន្ធទំនើបដូចជា Virtual Reality ជាដើម។
ជាមួយគ្នានេះ ថ្នាក់ភាសាចិនក៏ត្រូវបានបញ្ជូលក្នុងកម្មវិធីសិក្សាផងដែរ ដើម្បីឱ្យនិស្សិតខេមតិច មានចំណេះដឹងជាលក្ខណៈសាកលលើវិស័យសំខាន់ៗដូចជាការធ្វើពាណិជ្ជកម្មអន្តរជាតិ ទំនាក់ទំនងការងារក្រៅប្រទេស ការចរចារ និងការទូតជាដើម។
គួរឱ្យដឹងដែរថា ពិធីសម្ពោធជាផ្លូវការនេះមិនត្រឹមតែជានិមិត្តរូបនៃវឌ្ឍនភាព និងកិច្ចសហការក្នុងវិស័យអប់រំឧត្តមសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា និងចិនដើម្បីធានាបាននូវសុខុមាលភាព និងវិបុលភាពរបស់ប្រជាជនប្រទេសទាំងពីរ ក៏ដូចជាកសាងអនាគតសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ៕