ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបដោយស្ងៀមស្ងាត់ចំនួន៣ចំណុចដល់ក្រុមធ្វើបាតុកម្មប្រឆាំងសម្ដេចក្នុងប្រទេសជប៉ុនក្នុងពេលដែលសម្ដេចចូលរួមកិច្ចប្រជុំកំពូលរំឮកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអាស៊ាន លោក សូ ណារ៉ូ បានលើកឡើងក្នុងសន្នីសិទសារព័ត៌មាននៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣បន្ទាប់ពីសម្ដេចធិបតីអញ្ជើញមកដល់មាតុប្រទេសវិញថា នាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លើយតបយ៉ាងស្ងៀមស្ងាត់ចំៗនិងបានធ្វើឱ្យក្រុមប្រឆាំងសម្ដេចបរាជ័យបន្ទាប់ពី ទាំងប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលជប៉ុនទទួលស្គាល់សម្ដេចជានាយករដ្ឋមន្ត្រីកម្ពុជា ចំនួនអ្នកចូលរួមបាតុកម្មជាមួយគេមានការថយចុះ និងមេដឹកនាំបាតុកម្មនោះបច្ចុប្បន្នមានឈ្មោះជាជាជនជាប់ទោសនៅកម្ពុជា។
លោក សូ ណារ៉ូ បានលើកឡើងយ៉ាងដូច្នេះថា៖ «ពីព្រោះថាសម្តេចធិបតី ដែលពួកគេទាមទារឲ្យជប៉ុនកុំឱ្យគាំទ្រនោះ លោកបានចុះពីជណ្ដើរយន្តហោះដោយកម្រាលព្រំក្រហម ហើយលោកបានទៅអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ដោយស្មើភាព និងស្មើសិទ្ធិជាមួយនឹងបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋទាំងអស់»។
លោកបន្ថែមថា៖ «នៅខាងស្ដាំដៃលោក គឺព្រះចៅស៊ុលតង់នៃប្រទេសប្រ៊ុយណេ នៅខាងឆ្វេងដៃគឺលោកគឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយហួសពីរកៅអីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានកៅអីមួយគឺទុកទំនេរ ខ្ញុំអត់ចាំបាច់ថាប្រទេសណាទេ គឺគេទុកទំនេរអ៊ីចឹង មានន័យថាម៉េចបើសិនជារបបមួយដែលមិនស្របច្បាប់ គឺជប៉ុនក៏គេអញ្ជើញដែរ គេមានកៅអីមួយទំនេរ បើកម្ពុជាមិនស្របច្បាប់ ក៏ជប៉ុនមិនអញ្ជើញប្រហែលកៅអីទំនេរ»។
គួរឱ្យដឹងផងដែរថាក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនមានក្រុមប្រឆាំងមួយចំនួនបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាទៅនឹងវត្តមានរបស់សម្ដេចនៅទីនោះ។ ទោះជាយ៉ាងណាមិនអាចបង្អាក់ឬរារាំងដំណើរទស្សនកិច្ចរបស់សម្ដេចបាននោះទេ ខណៈសម្ដេចបានទទួលជួបតំណាងក្រុមហ៊ុន និងទទួលស្វាគមន៍ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជប៉ុនយ៉ាងរីករាយ។
ថ្លែងក្នុងជំនួបជាមួយពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនជាង២ពាន់នាក់កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងតូក្យូ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថារឿងជំទាស់មិនទទួលស្គាល់សម្ដេចគឺជារឿងរបស់ពួកគេ តែការមកដល់ជប៉ុនដើម្បីចូលរួមកិច្ចប្រជុំរំឮកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ វាជាសារគ្រប់ហើយក្នុងការឆ្លើយតបទៅអ្នកទាំងនោះរួចហើយ។
សម្ដេចថា៖ «មតិភាគច្រើន និងមតិភាគតិចនេះហើយជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។ ហើយអ្នកដែលមិនទទួលស្គាល់នោះខ្ញុំមិនចំអក តែបើថាស្អែក(ថ្ងៃបាតុកម្ម) គាត់ប្រមូលបានអ្នកចូលរួមបានតែពាក់កណ្ដាលអ្នកចូលថ្ងៃនេះទៅចាំក្អក បើមិនអញ្ចឹងទេកុំក្អកពេក»។
គួរឱ្យដឹងផងដែរក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានអ្នកបោះឆ្នោតជាង ៨,២លាននាក់ ក្នុងនោះមានពលរដ្ឋប្រមាណ ៦,៣លាននាក់បោះឆ្នោតគាំទ្របក្សប្រជាជនដែលបើកផ្លូវឱ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះ៕