វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ថ្នាក់ដឹកនាំព្រឹទ្ធសភាអះអាងថា ជំនួយអាមេរិកផ្តល់ឱ្យអ៊ុយក្រែនកំពុងស្ថិតក្នុងភាពជាប់គាំង

សហរដ្ឋអាមេរិក៖ ថ្នាក់ដឹកនាំរបស់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ នៃព្រឹទ្ធសភាអាមេរិក បានបញ្ជាក់នៅថ្ងៃទី១៩ ខែធ្នូម្សិលមិញនេះថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងមិនអាចអនុម័តជំនួយថ្មីសម្រាប់ប្រទេសអ៊ុយក្រែនបាននៅមុនដំណាច់ឆ្នាំ ២០២៤នេះបានទេ ខណៈដែលភាគីទាំងពីរនៅតែបន្តស្វែងរកការសម្របសម្រួលសមរម្យណាមួយជុំវិញបញ្ហានេះ។ 

សមាជិកនៃគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer និងសមាជិកមកពីគណបក្សសាធារណរដ្ឋ លោក Mitch McConnell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា "អំឡុងពេលដែលភាគីពាក់ព័ន្ធកំពុងចរចាគ្នាលើបញ្ហាដែលនៅសេសសល់ វាគឺជាក្តីសង្ឃឹមរបស់យើងដែលថាកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនឹងអនុញ្ញាតឱ្យព្រឹទ្ធសភាចាត់វិធានការយ៉ាងឆាប់រហ័ស (អំពីជំនួយផ្តល់ទៅកាន់អ៊ុយក្រែន) នៅដើមឆ្នាំថ្មី។ ពេលវេលាដែលនៅសេសសល់ក្នុងឆ្នាំ២០២៣ ព្រឹទ្ធសភា និង​ផ្នែក​រដ្ឋបាល​ប្រធានាធិបតីនឹង​បន្ត​ធ្វើកិច្ច​ការងារ​ដោយ​ស្មោះត្រង់​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​កិច្ច​ព្រមព្រៀង​របស់​ខ្លួន"។  តំណាងនៃព្រឹទ្ធសភាបាន​​បន្តថា បញ្ហាប្រកួតប្រជែងនៅតែមានប៉ុន្តែយើងប្តេជ្ញាដោះស្រាយតម្រូវការនៅព្រំដែនភាគខាងត្បូង និងជួយសម្ព័ន្ធមិត្ត និងដៃគូប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរនៅក្នុងអ៊ីស្រាអែល អ៊ុយក្រែន និងឥណ្ឌូប៉ាស៊ីហ្វិក។ ព្រឹទ្ធសភានឹងមិនអនុញ្ញាតឱ្យបញ្ហាប្រឈមសន្តិសុខជាតិទាំងនេះគ្មានចម្លើយទេ។

សេចក្តីប្រកាសពីវិមានរដ្ឋាភិបាលអាមេរិក Capitol Hill បានកត់សម្គាល់ពីភាពលំបាក និងបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលរដ្ឋាភិបាលរបស់លោកធ្លាប់បានព្រមានអំពី "តម្រូវការដ៏ធ្ងន់ធ្ងរ" សម្រាប់សព្វាវុធនៅមុនរដូវរងាចូលមកដល់។ លោក Zelenskyy ទើបតែបានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនសាជាថ្មីម្តងទៀតនៅពាក់កណ្តាលខែធ្នូនេះ ដែលជាដំណើរទៅកាន់សហរដ្ឋអាមេរិកលើកទី៣ ហើយសម្រាប់លោកក្នុងឆ្នាំ២០២៣នេះ ក្នុងគោលបំណងចរចា និងបញ្ចុះបញ្ចូលទៅកាន់ភាគីអាមេរិកសម្រាប់ជំនួយក្នុងសង្គ្រាមទល់នឹងរុស្សី។ 

ទោះជាយ៉ាងណាក្ដី លោក Zelenskyy នៅតែមានសង្ឃឹមសម្រាប់កញ្ចប់ជំនួយរបស់រដ្ឋាភិបាលអាមេរិកនេះ ដោយលោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិក "នឹងមិនក្បត់" ប្រទេសរបស់លោកដែលកំពុងត្រូវបានឡោមព័ទ្ធនោះឡើយ។ គួររំឮកថា កងកម្លាំងយោធារបស់អ៊ុយក្រែនបានបរាជ័យក្នុងការបង្កើនការវាយលុកដ៏ធំមួយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយសម្ពាធរបស់កងទ័ពរុស្ស៊ីនៅលើសមរភូមិជួរមុខហាក់នៅតែរឹងមាំមិនថមថយដដែល៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក