ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីលើកឡើងពីភាពចាំបាច់នៃវិស័យធនាគារនៅក្នុងប្រទេស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីភាពចាំបាច់នៃវិស័យធនាគារសម្រាប់ប្រទេសនីមួយដោយសម្ដេចបានប្រៀបប្រដូចទៅនឹងបេះនៅក្នុងខ្លួនមនុស្សដែរ។

ថ្លែងក្នុងពិធីសម្ដោធទីស្នាក់ការធនាគារវីង នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាវិស័យធនាគារបានដើរតួនាទីសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការចល័តចរន្តលុយ និងផ្ដល់ចែកចាយ។ សម្ដេចបន្ថែមថាវាដូចជាបេះដូងក្នុងខ្លួនមនុស្សដែលច្របាច់ឈាមឱ្យដើរដូច្នោះដែរ។

សម្ដេចថា៖ «ធនាគារដូចបេះដូងប្រមូលឈាមមកបញ្ចេញឈាមទៅវិញចិញ្ចឹមសរីរាង្គ។ បើបេះដូងហ្នឹងដើរអត់ល្អសុខភាពយើងក៏មិនល្អនេះគឺជាកិច្ចការសំខាន់»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថាធនាគារក៏ត្រូវការនូវការគ្រប់គ្រងច្បាស់លាស់ផងដែរទាក់ទងនឹងយន្តការក្នុងការផ្ទេរ និងចល័តចរន្តសាច់ប្រាក់។ សម្ដេចធិបតីបានលើកឡើងពីភាពងាយស្រួលដែលវិស័យធនាគារបានជួយដល់ពលរដ្ឋខ្មែរតាមរយៈសេវាផ្ទេរប្រាក់ បង់ថ្លៃទឹកភ្លើង និងការចូលរួមក្នុងការអនុវត្តន៍កម្មវិធីជំនួយសង្គមផងដែរ។

សម្ដេចថា ដោយមូលហេតុនេះហើយទើបរាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៣-២០២៨ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងលើកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យធនាគារ។

ឆ្លៀតក្នុងឱកាសនេះសម្ដេចធិបតី បានណែនាំដល់ធនាគារទាំងអស់ឱ្យបង្កើននូវសេវាកម្មរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ជាមួយនឹងការបង្កើននូវឥណទានដល់សហគ្រាសមីក្រូធុនតូច និងមធ្យម ឥណទានសម្រាប់វិស័យកសិកម្មជាដើមផងដែរ។ សម្ដេចបានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញដើម្បីជួយវិស័យទេសចរណ៍ ខណៈធនាគារជាតិគួរបន្ថយនូវបទបញ្ញាត្តិប្រុងប្រយ័ត្នមួយចំនួនដើម្បីផ្ដល់នូវលទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបន្តដើរតួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកគាំទ្រដល់ក្រុមហ៊ុន និងសហគ្រាសឯកជន។

សម្ដេចធិបតីបន្ថែមទៀតថា៖ «ដើម្បីឱ្យសេដ្ឋកិច្ចមួយដើរគឺចរន្តធនធានមូលធនត្រូវដើរក្នុងនោះហិរញ្ញវត្ថុរបស់យើងដើរតួនាទីសំខាន់ណាស់ក្នុងប្រព័ន្ធធនាគារ»។

យោងតាមរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៣ របស់ធនាគារជាតិឱ្យដឹងបច្ចុប្បន្នកម្ពុជាមានធានាគារពាណិជ្ជចំនួន៥៩ ធនាគារឯកទេសចំនួន៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៧ ដែលមានទ្រព្យសកម្មប្រមាណ ៨២,២ពាន់លានដុល្លារអាមេរិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក