អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន យុវតីដែលរងគ្រោះដោយសារគ្រឿងញៀន

ខេត្តបាត់ដំបង៖ នៅរសៀល ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កើត រិទ្ធ និងអនុប្រធានទី១អាជ្ញាធរជាតិគ្រឿងញៀន ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន-យុវតីដែលរងគ្រោះដោយសារគ្រឿងញៀន សរុបចំនួន ១៣០ នាក់ នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង។

ជនរងគ្រោះដោយសារគ្រឿងញៀនទាំង ១៣០ នាក់ ត្រូវបានបណ្តុះបណ្តាលដោយជោគជ័យផ្នែកដំឡើងបណ្តាញអគ្គីសនីក្នុងអគារចំនួន ២៨នាក់, ផ្នែកថែទាំនិងជួសជុលរថយន្តចំនួន ១៦នាក់, ផ្នែកសេវាកម្មកុំព្យូទ័រចំនួន ២២នាក់, ផ្នែកកែច្នៃបន្លែនិងផ្លែឈើចំនួន ៣៩នាក់ និងផ្នែកបសុព្យាបាលចំនួន ២៥នាក់។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង និងបុគ្គលិកនៃមជ្ឈមណ្ឌល កែ ស៊ីនួន ដែលបានខិតខំប្រឹងប្រែងជួយបន្សាប ព្យាបាល និងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រឿងញៀន។ ជាពិសេសលោកក៏បានកោតសរសើរ និងអបអរសាទរចំពោះជនរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ ដែលមានភាពក្លាហាន ពិសេស ការតាំងចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការយកឈ្នះខ្លួនឯង ការយកឈ្នះរាល់ឧបសគ្គ និងការលំបាកទាំងអស់ ក្នុងការផ្តាច់គ្រឿងញៀន ដើម្បីចាប់យកឱកាសថ្មីសម្រាប់កសាងជីវិតថ្មីនៅក្នុងសង្គមជាតិ និងដើម្បីក្លាយខ្លួនជាកូនល្អ និងពលរដ្ឋល្អចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនេះឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់ គឺជា “ជនរងគ្រោះនៃគ្រឿងញៀន” មិនមែនជាជនល្មើសនៃគ្រឿងញៀន ដោយបានលើកទឹកចិត្ត និងជំរុញឱ្យអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់ត្រូវបានបញ្ជូនទៅបន្សាប ព្យាបាល និង ស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាទាំង ១៩ មជ្ឈមណ្ឌលនៅទូទាំងប្រទេស។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនអង្គពិធីអំពីគ្រោះថ្នាក់ចំនួន ៣ ដែលបណ្តាលមកពីគ្រឿងញៀន ដែលក្នុងនោះរួមមាន៖ គ្រោះថ្នាក់សម្រាប់ខ្លួនឯង គ្រោះថ្នាក់សម្រាប់គ្រួសារ សហគមន៍ និងគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ។

លោកថា៖ «ប្រសិនបើប្រទេសមួយមានអ្នកប្រើប្រាស់គ្រឿងញៀនច្រើន គឺនឹងធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្ស ដែលជា “ទំពាំងស្នងឫស្សី” ហើយនឹងអាចជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេសនោះទាំងមូល«។

មុននឹងបញ្ចប់លោកឧបនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ គ្រប់គ្នាឆ្លើយថា “ទេ!” ចំពោះគ្រឿងញៀន អ្នកដែលជាសះស្បើយមិនត្រឹមតែកុំពាក់ព័ន្ធនឹងគ្រឿងញៀនបន្តទៀតប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើខ្លួនជាគំរូ និងជាអ្នកណែនាំអ្នកដទៃកុំឱ្យញៀនគ្រឿងញៀន ហើយក្រុមគ្រួសារទាំងអស់របស់អ្នកដែលបានបន្សាប និងព្យាបាលជាសះស្បើយពីការញៀនគ្រឿងញៀន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវយកចិត្តទុកដាក់ក្នុងការតាមដាន និងជួយដាស់ស្មារតីជាប់ជាប្រចាំដល់ជនរងគ្រោះ។ មន្ត្រីមានសមត្ថកិច្ចដែលពាក់ព័ន្ធត្រូវដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ហើយអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានជ្រាបអំពីសេវាបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឱ្យបានផុសផុល។

លោកបានបន្ថែមថា ក្រុមគ្រួសារទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានសមាជិកគ្រួសាររបស់ខ្លួនញៀនគ្រឿងញៀន ខណៈមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទាំងអស់ ត្រូវបន្តអនុវត្តការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយស្មារតីទទួលខុសត្រូវ តាមរយៈការសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រីក និងអភិវឌ្ឍសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់។ ចំពោះវិស័យឯកជនគួរចូលរួមបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតឱ្យមានមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការនៃសេវានេះ ហើយអាជ្ញាធរពាក់ព័ន្ធត្រូវផ្តល់កិច្ចសហការពេញលេញ និងជួយសម្របសម្រួលដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននានា។

គូសបញ្ជាក់ផងដែរថា ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីការបង្កើត មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង បានទទួលបន្សាប ព្យាបាល និងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រឿងញៀនសរុបចំនួន ៥៥៩នាក់ (ស្រី ៣០នាក់) ក្នុងនោះគ្រួសារ ឬអាណាព្យាបាលបញ្ចូនមកផ្ទាល់ចំនួន ៣២០នាក់ (ស្រី ១១នាក់), តុលាកាបង្គាប់ឱ្យមកទទួលការព្យាបាលចំនួន ២១០នាក់ (ស្រី ១៩នាក់) និងមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តបាត់ដំបង បញ្ចូនមក ចំនួន ២៩នាក់។ ជាលទ្ធផល, ជនរងគ្រោះដោយសារគ្រឿងញៀន ចំនួន ២៦៥នាក់ (ស្រី ១៥នាក់) បានធ្វើសមាហរណកម្មដោយជោគជ័យចូលក្នុងសហគមន៍ ដើម្បីទៅរស់នៅជាមួយក្រុមគ្រួសារ ឬអាណាព្យាបាលវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក