កណ្តាល៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានផ្អាកការងារបណ្តោះអាសន្នលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ នាយរងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកពញាឮ ក្រោយប្រព្រឹត្តទង្វើទារប្រាក់ពីគ្រួសារជនរងគ្រោះជាថ្នូរនឹងចុះចាប់ជនសង្ស័យដែលបានកាប់សម្លាប់គ្រួសារជនរងគ្រោះស្ទើរតែបាត់បង់ជីវិត។
ក្រោយទទួលបានដំណឹងចុះផ្សាយរបស់សារព័ត៌មានមួយជុំវិញករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាឱ្យកម្លាំងជំនាញចុះស្រាវជ្រាវ ដោយលទ្ធផលបានបញ្ជាក់ថាពិតជាមានករណី លោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ បានប្រព្រឹត្តខុសពីគោលការណ៍ ដោយបានទារប្រាក់ពីគ្រួសារជនរងគ្រោះចំនួន ២០០ដុល្លារ ជាថ្នូរនឹងការតាមចាប់ជនល្មើស និងសម្រាប់ថ្លៃសរសេរពាក្យបណ្តឹងឱ្យជនរងគ្រោះយកទៅដាក់នៅអធិការដ្ឋាននគរបាលស្រុកពញាឮ។
រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ បានតេទូរសព្ទទៅគ្រួសារជនរងគ្រោះដោយទារប្រាក់បន្ថែមចំនួន ៣០០ដុល្លាទៀតដើម្បីធ្វើជាសោហ៊ុយទៅចាប់ជនល្មើស ប៉ុន្តែដោយសារមិនមានលទ្ធភាពរកប្រាក់បន្ថែមសម្រាប់ឱ្យលោកស្រីអនុសេនីយ៍ឯក ទើបគ្រួសារជនរងគ្រោះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានឱ្យជួយចុះផ្សាយពីករណីមួយនេះ។
បើតាមស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ ពិតជាមានចេតនាប្រព្រឹត្តអំពើខាងលើដោយខ្លួនឯង ព្រោះចង់បានលុយយកទៅចាយ ដោយមិនមានការណែនាំ ឬបង្គាប់បញ្ជាពីលោកអធិការ នគរបាលស្រុកពញាឮ ឲ្យទៅទារប្រាក់ពីជនរងគ្រោះជាថ្នូរទៅនឹងការតាមចាប់ជនសង្ស័យនោះទេ។
លោកឧត្តមសេនីយ៍ទោស្នងការ បានចំណាត់ការចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ដោយផ្អាកការងារបណ្តោះអាសន្ន មូលហេតុ ប្រព្រឹត្តកំហុសមានចែងក្នុងបទបញ្ជាលេខ០០៦ បបជ៕