សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីទាក់ទាញដល់វិនិយោគិន
ជប៉ុន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ ឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវល្បឿនលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
សម្តេចធិបតី គូសបញ្ជាក់បែបនេះនៅក្នុងជំនួបជាមួយនឹងនាយកប្រតិបត្តិក្រុមហ៊ុន AEON MALL លោក អូកាដា ម៉ូតូយ៉ា (Okada Motoya) នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
លោក អូកាដា ម៉ូតូយ៉ា ថ្លែងប្រាប់សម្តេចធិបតីអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនេះ លោកប្រធានក្រុមហ៊ុន AEON MALL ក៏បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី អំពីការចូលរួមរបស់ក្រុមហ៊ុនក្នុងវិស័យអប់រំ តាមរយៈការកសាងសាលាបឋមសិក្សានៅតាមបណ្តាខេត្ត និងការផ្តល់អាហារូបករណ៍ជូនដល់សិស្សានុសិស្សកម្ពុជា ដើម្បីបន្តឱកាសសិក្សាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
លោកប្រធានក្រុមហ៊ុន ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលបានបោះទុនវិនិយោគ និងគ្រោងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សម្តេចធិបតី ក៏បានអរគុណដល់ក្រុមហ៊ុនដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ និងការកសាងសាលារៀននៅតាមមូលដ្ឋាន ដែលការណ៍នេះ បានរំឭកពីគំរូវីរភាពនៃការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយកសាងសាលារៀនគ្រប់ដណ្តប់ទូទាំងប្រទេស ដើម្បីបើកឱកាសឱ្យកូនចៅប្រជាពលរដ្ឋគ្រប់គ្នាទទួលបានការអប់រំ ។
ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា នឹងបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងការអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែននាក់។
លើសពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវល្បឿនលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា៕