ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្តេចធិបតី លើកទឹកចិត្តឱ្យជប៉ុនជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាដល់វិនិយោគិនជប៉ុន ដើម្បីទទួលបានការចាប់អារម្មណ៍ ពង្រីកវិនិយោគនៅកម្ពុជា

តូក្យូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យតំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាទៅដល់វិនិយោគិនជប៉ុន ដើម្បីទទួលបាននូវការចាប់អារម្មណ៍ និងឱកាសក្នុងការពង្រីកវិនិយោគរបស់ខ្លួននៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងដូចនេះ នាជំនួបសម្តែងការគួរសមជាមួយ លោក អូបាយ៉ាស៊ី តាកេអុ (OBAYASHI TAKEO) ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសសម្តេចចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងជំនួបនេះ សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ដែលប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសជាច្រើនក្នុងតំបន់កាន់សៃ មានបំណងបោះទុនវិនិយោគនៅកម្ពុជា ព្រមជាមួយនេះ សម្តេច បានលើកទឹកចិត្តឱ្យបន្តជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាទៅដល់វិនិយោគិនជប៉ុន ដើម្បីទទួលបាននូវការចាប់អារម្មណ៍ និងឱកាសក្នុងការពង្រីកវិនិយោគរបស់ខ្លួននៅកម្ពុជា។

សម្តេចធិបតី បានលើកឡើងផងដែរថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍សាកលក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាពេលខាងមុខនេះ និងបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់។ បរិយាកាសទាំងនេះ ជាការជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោក អូបាយ៉ាស៊ី តាកេអុ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីសកម្មភាពអាជីវកម្មរបស់សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជាពិសេស សកម្មភាពការងារមួយចំនួនដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជា ការជួលជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ ជាដើម។

លោក អូបាយ៉ាស៊ី តាកេអុ បានលើកឡើងអំពីបំណងពង្រីកវិនិយោគរបស់ខ្លួន ក៏ដូចជាជំរុញទឹកចិត្តក្រុមហ៊ុនជប៉ុនដទៃឱ្យទៅវិនិយោគនៅប្រទេសកម្ពុជា និងអំពីគម្រោងពិព័រណ៍សាកលនៅក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាឆ្នាំ២០២៤ ខាងមុខនេះ ជាមួយក្តីសង្ឃឹមថាកម្ពុជានឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

គួរឱ្យដឹងដែរថា សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសខ្នាតយក្ស ដែលមានទីតាំងក្នុងតំបន់កាន់សៃ នៅភាគខាងលិចនៃប្រទេសជប៉ុន ក្នុងនោះរួមមានចំនួន ៧ខេត្ត ដូចជា ខេត្តអូសាកា ខេត្តក្យូតុ ខេត្តហ្យូហ្កុ ខេត្តណារ៉ា ខេត្តស៊ីហ្កា ខេត្តមិអិ និងខេត្តវ៉ាកាយ៉ាម៉ា ដោយក្រុមហ៊ុនយក្សទាំងអស់នោះ សុទ្ធសឹងមានឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក