លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ចិន និងកូរ៉េខាងជើង មានជំនួបផ្លូវការជាន់ខ្ពស់រួមគ្នាមួយ ក្រោយការបាញ់បង្ហោះមីស៊ីលថ្មី

ចិន៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានទទួលស្វាគមន៍៍ក្នុងជំនួបមួយជាមួយមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកូរ៉េខាងជើង នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៨ ខែធ្នូម្សិលមិញនេះ ស្របពេលដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងកំពុងបញ្ចេញសាច់ដុំជាមួយការបង្ហាញនូវគ្រាប់ម៉ីស៊ីលថ្មីមួយ ដែលមានសមត្ថភាពអាចបាញ់ដល់គ្រប់ទីកន្លែងលើទឹកដីសហរដ្ឋអាមេរិក។ ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយដកស្រង់សម្តីរបស់រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង Pak Myong Ho ថា "ប្រទេសចិនតែងតែចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយកូរ៉េខាងជើងតាមទស្សនៈយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងស្ថិតក្នុងរយៈពេលវែងតទៅខាងមុខ"។ 

បន្ថែមពីលើនេះ លោក Wang បាននិយាយថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលទ្វេភាគី ខណៈពេលដែលជំរុញឱ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ លោក Wang និង Pak ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហានៃ "ក្តីកង្វល់រួម" ដែលចំណុចនេះក្រសួងការបរទេសចិនមិនបានបកស្រាយលម្អិតឡើយ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងបរិយាកាសពោរពេញដោយការរាប់អាន និងមិត្តភាព ខណៈឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសចិន លោក Ri Ryong-nam ក៏មានវត្តមានផងដែរ។ 

គួរបញ្ជាក់ថា កូរ៉េខាងជើង​ជា​សម្ព័ន្ធមិត្ត​ផ្លូវការ​តែ​មួយ​គត់​របស់​ចិន ដែលរដ្ឋទាំងពីរត្រូវបានចងភ្ជាប់យ៉ាងស្អិតរមួតដោយសន្ធិសញ្ញាដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៦១ ដើម្បីចាត់វិធានការចាំបាច់ទាំងអស់ រួមទាំងជំនួយផ្នែកយោធាដើម្បីជួយគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារ ឬមានការប៉ុនប៉ងវាយប្រហារណាមួយដោយប្រទេសទីបី។ 

កាលពីថ្ងៃចន្ទម្សិលមិញនេះ កូរ៉េខាងជើងបានបាញ់ម៉ីស៊ីលមួយថ្មីទៀត បន្ទាប់ពីមានការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីកាលពីយប់ថ្ងៃអាទិត្យ។ ទីក្រុងព្យុងយ៉ាងបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការចាត់ចែងនូវអ្វីដែលខ្លួនហៅថាជាការនាំផ្លូវទៅរកសង្គ្រាមនុយក្លេអ៊ែរ ក៏ដូចជាបន្ទាប់ពីការមកដល់នៃនាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅក្នុងដែនទឹករបស់កូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ។ សូមបញ្ជាក់ថា រាល់សកម្មភាពមីស៊ីលផ្លោងរបស់កូរ៉េខាងជើងទាំងអស់ ត្រូវបានហាមឃាត់ដោយដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទោះបីជាទីក្រុងព្យុងយ៉ាងបានអះអាងថាសកម្មភាពនៃការសាកល្បងមីស៊ីលផ្លោងទាំងអស់នេះ ជាសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋាភិបាលក្នុងការការពារខ្លួនក៏ដោយ។

សេចក្ដីថ្លែងការណ៍របស់ចិនមួយបានដកស្រង់សម្ដីរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក Pak Myong Ho ដែលបានថ្លែងថា កូរ៉េខាងជើងនឹងបន្តពង្រឹងទំនាក់ទំនងពហុភាគីជាមួយចិន ដើម្បី "ការពារផលប្រយោជន៍រួម" និង "រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់"។ គួរឱ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក Pak Myong Ho បានមកដល់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការដ៏កម្រមួយនៅមុនការមកដល់នៃខួបលើកទី៧៥ ក្រោយការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក