លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

សង្ខេបសកម្មភាពសម្ដេចធិបតីក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អបអរសាទរឆ្នាំទី៥០ នៃមិត្តភាពអាស៊ាន-ជប៉ុន

ជប៉ុន៖ តបតាមការអញ្ជើញរបស់ លោក គឺស៊ីដា ហ្វីមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដែលបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុននេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះ ដំណើរដ៏វែងឆ្ងាយរបស់អាស៊ាននិងជប៉ុន ដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំផ្អែកលើ "សាមគ្គីភាព ក្នុងភាពចម្រុះ» និងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមដៃគ្នាបង្ហាញនូវ “កម្លាំងនៃសន្តិភាព” ដែលប្រជាជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវរួមគ្នាធ្វើ ដើម្បីធានាថា តំបន់របស់យើងនឹងមិនក្លាយជា វេទិកាថ្មីមួយទៀតនៃជម្លោះប្រដាប់អាវុធ ឬសង្គ្រាមដោយតួអង្គតំណាងនោះឡើយ។

សម្តេចធិបតី បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ជប៉ុនក្នុងការអនុវត្ដអាទិភាពទាំង ៤ នៃ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) រួមមានកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ ការតភ្ជាប់កិច្ចសហប្រតិបត្តិការ គោលដៅអភិវឌ្ឍន៍ដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការនៅក្នុង វិស័យ ផ្សេងទៀត និងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការបង្កើនសហថាមពល និងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការរវាង AOIP និងចក្ខុវិស័យថ្មីរបស់ជប៉ុនស្តីពីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសម្តែងនូវកង្វល់ពីការបន្តបាញ់សាកល្បងមីស៊ីល អន្តរទ្វីប ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចសន្ទនាដែលមានលក្ខណៈស្ថាបនា និងដោយសន្តិវិធី ដើម្បីជំរុញការរំសាយអាវុធ នុយក្លេអ៊ែរដោយពេញលេញ អាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់ថយក្រោយ សំដៅធានា សន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ សម្តេចធិបតី ក៏បានអំពាវនាវឱ្យមានការដោះស្រាយ ឱ្យបានឆាប់រហ័សលើបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន ដើម្បីពួកគេអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

សម្រាប់ការជំរុញភាពជាដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ សម្តេចធិបតី បានស្នើឱ្យមានការយកចិត្ត ទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេស តាមរយៈកម្មវិធីអប់រំ និងការបង្កើននូវ ការយល់ដឹងទូលំទូលាយរួមទាំងការគាំទ្រដល់វិស័យវប្បធម៌ សិល្បៈ និងកម្មវិធីផ្លាស់ប្តូរទំនាក់ទំនង យុវជនអាស៊ីបូព៌ា ដើម្បីពង្រឹងសមត្ថភាព និងភាពធន់របស់យុវជន។ សម្តេចធិបតី ក៏បានលើកទឹកចិត្ត ភាគីជប៉ុនបន្តគាំទ្រគម្រោងបណ្ណសារដ្ឋានបេតិកភណ្ឌវប្បធម៌ឌីជីថលអាស៊ាន និងការអនុវត្តសេចក្តី ប្រកាសអាស៊ានស្តីពីសមភាពយេនឌ័រ និងការអភិវឌ្ឍគ្រួសារ។

ចំពោះភាពជាដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ចនិងសង្គមនាពេលអនាគត សម្តេចធិបតីបាន សង្កត់ធ្ងន់លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានតម្លាភាព សមភាព និង ផ្អែកលើវិធានច្បាប់ ព្រមទាំងបញ្ជាក់នូវភាពចាំបាច់ក្នុងការពង្រឹងការប្រើប្រាស់ក្របខ័ណ្ឌពាណិជ្ជកម្ម ពហុភាគីដឹកនាំដោយអាស៊ានដែលមានការចូលរួមយ៉ាងសកម្មពីដៃគូទាំងឡាយឱ្យអស់សក្តានុពល តួយ៉ាងដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP)។

សម្តេចធិបតី ក៏បានសម្តែងការគាំទ្រដល់គំនិតផ្តួចផ្តើមសហបង្កើតឧស្សាហកម្មយានយន្ត ជំនាន់ថ្មីអាស៊ាន-ជប៉ុន (ASEAN-Japan Next Generation Automotive Industry Co-Creation Initiative) និងគម្រោងរបស់ នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការកៀរគរមូលនិធិ ៣៥ពាន់លាន ដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ តាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងតំបន់អាស៊ាន ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដូចជា ការតភ្ជាប់ អន្តរកាលបៃតង ការប្រែប្រួលអាកាសធាតុ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមជាដើម។ ការគាំទ្រគំនិតផ្តួចផ្តើមទាំងអស់នេះនឹងរួមចំណែក ដល់ការអនុវត្តន៍កម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ជាពិសេសការលើក កម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការនាំមកនូវកាលានុវត្តភាពថ្មីៗ និងការបង្កើតឱកាស ការងារ។

គួរឱ្យដឹងដែរថា ប្រមុខរដ្ឋ-រដ្ឋាភិបាលបានពិនិត្យឡើងវិញលើទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេល ៥០ឆ្នាំ កន្លងមក ជាពិសេសក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីប្រកាសចក្ខុវិស័យ និងផែនការ អនុវត្តន៍នៃទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ ដែលបានអនុម័តកាលពីឆ្នាំ២០១៣។

កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុនបានអនុម័តនូវឯកសារដ៏សំខាន់ចំនួន២ ដែលជាឯកសារគោលតម្រង់ទិសនៃការ ពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងទូលំទូលាយបន្ថែមទៀត ក្នុងការបើកទំព័រថ្មី នៃទំនាក់ ទំនងអាស៊ាន-ជប៉ុន សម្រាប់ការលើកតម្កើងសន្តិភាព ការរីកចម្រើនរួមគ្នា និងការអភិវឌ្ឍ ប្រកបដោយចីរភាព សម្រាប់រយៈពេល ១០ឆ្នាំ ទៅមុខទៀត រួមមាន សេចក្តីប្រកាសចក្ខុវិស័យ រួមស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖ ដៃគូដែលជឿទុកចិត្តគ្នា និងផែនការ អនុវត្តន៍នៃសេចក្តីប្រកាសចក្ខុវិស័យរួមនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក