ប៉ាគីស្ថាន៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ Artificial intelligence (AI) អាចសម្រួលឱ្យអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan ធ្វើយុទ្ធនាការឃោសនាទៅកាន់អ្នកគាំទ្ររបស់លោកបាន ថ្វីបើទោះជាលោកកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារយ៉ាងណាក្ដី។ គួររំឮកថា លោក Imran Khan ត្រូវបានគេឃុំខ្លួនក្នុងពន្ធនាគាររាប់ចាប់តាំងពីខែសីហាមកម្ល៉េះ ដោយរដ្ឋាភិបាលប៉ាគីស្ថានកំពុងដំណើរការសវនាការកាត់ទោសលោកពីបទធ្វើឱ្យបែកធ្លាយឯកសារសំខាន់ៗមួយចំនួន ដែលបទចោទនេះត្រូវបានអតីតនាយករដ្ឋមន្រ្តីរូបនេះអះអាងថាជាការព្យាយាមបង្អាក់ដំណើរលោកមិនឱ្យចូលរួមការបោះឆ្នោតថ្នាក់ជាតិដែលគ្រោងធ្វើឡើងនាខែកុម្ភៈខាងមុខនេះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ គណបក្ស Tehreek-e-Insaf (PTI) របស់លោក Khan បានប្រើប្រាស់នូវមធ្យោបាយបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតសារសំឡេងរយៈពេល ៤នាទី និងឱ្យឈ្មោះសារសំឡេងនេះថា "ការជួបជុំនិម្មិត" ដែលរៀបចំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពេញមួយយប់ថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទ បើទោះបីជាមានការរំខានពីការគ្រប់គ្រងលើប្រព័ន្ធអ៉ីនធ័រណេតយ៉ាងណាក្ដី។ គណបក្ស PTI បានបញ្ជាក់ថា លោក Imran Khan បានផ្ញើសារជាអក្សរខ្លីមួយមកតាមរយៈមេធាវីរបស់លោក និងត្រូវបានប្រើប្រាស់បំលែងជាសារសំឡេងដោយប្រព័ន្ធ AI របស់ក្រុមហ៊ុន ElevenLabs ដែលមានសមត្ថភាពក្នុងការបង្កើត "ការក្លូនសំឡេង" ពីគំរូសុន្ទរកថាដែលមានស្រាប់។
ក្នុងសារសំឡេងសិប្បនិម្មិតត្រាប់តាមលោក Khan មានអត្ថន័យថា៖ "បងប្អូនប៉ាគីស្ថានទាំងអស់! ជាដំបូងខ្ញុំសូមកោតសរសើរក្រុមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ការប៉ុនប៉ងបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ ប្រហែលជាអ្នកទាំងអស់គ្នា កំពុងបារម្ភអំពីសុខទុក្ខខ្ញុំយ៉ាងណាហើយនៅក្នុងពន្ធនាគារ។ ថ្ងៃនេះ! ការប្តេជ្ញាចិត្តរបស់ខ្ញុំសម្រាប់សេរីភាពពិតប្រាកដគឺពិតជារឹងមាំណាស់"។ សារសំឡេងខាងលើត្រូវបានចាក់ផ្សាយនៅចុងបញ្ចប់នៃការផ្សាយផ្ទាល់រយៈពេលប្រាំម៉ោងនៃសុន្ទរកថាដោយអ្នកគាំទ្រ PTI នៅលើ Facebook, X និង YouTube ហើយត្រូវបានគ្របដណ្ដប់ដោយរូបភាពប្រវត្តិសាស្ត្ររបស់ លោក Khan ព្រមជាមួយនិងរូបភាពមួយចំនួនទៀត។
គណបក្ស PTI គឺជាគណបក្សនយោបាយដំបូងគេនៅក្នុងប្រទេសប៉ាគីស្ថានដែលប្រើប្រាស់យ៉ាងទូលំទូលាយនូវសក្តានុពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រើប្រាស់កម្មវិធីដើម្បីកំណត់គោលដៅទៅលើអ្នកគាំទ្រវ័យក្មេង និងយុវជន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយឱ្យគណបក្សនេះឈ្នះឆ្នោត និងឡើងកាន់អំណាចកាលពី ៥ឆ្នាំមុន។ តំណាងគណបក្សនេះបានប្រាប់ទៅកាន់សារព័ត៌មាន AFP ថា គណបក្ស PTI ចង់ចូលរួមការបោះឆ្នោត ហើយគ្មានយុទ្ធនាការឃោសនាបោះឆ្នោតណាមួយអាចប្រព្រឹត្តទៅដោយអវត្តមានលោក Imran Khan ឡើយ៕