ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៣ថ្ងៃ។
ព្រះអង្គបានយាងដំណើរតាមជើងយន្តហោះពិសេសនៃព្រះរាជាណាចក្រកម្ពុជា ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោងប្រមាណ ៧និង៥៥នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។
យោងតាមព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស នៅថ្ងៃទី១៩-២០-២១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន»។
នៅក្នុងឱកាសអវត្តមានរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះករុណា ព្រះមហាក្សត្រ ក្នុងឋានៈជា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៕