កីឡា៖ ប្រធាន FIFA លោក Gianni Infantino បានប្រកាសកាលពីថ្ងៃអាទិត្យកន្លងទៅថា ព្រឹត្តិការណ៍ក្លិបបាល់ទាត់ជើងឯកពិភពលោក FIFA Club World Cup នឹងឆ្លងកាត់ផែនការប្រកួតថ្មីចាប់ពីឆ្នាំ២០២៥ ពោលគឺនឹងបង្កើនចំនួនក្រុមដល់ ៣២ក្រុម ព្រមទាំងធ្វើការប្រកួតពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកក្កដា ខណៈដែលពានរង្វាន់ថ្មីមួយទៀតគឺ Intercontinental Cup នឹងត្រូវប្រកួតជារៀងរាល់ឆ្នាំចាប់ពីឆ្នាំក្រោយ (ឆ្នាំ២០២៤) តទៅ។
សេចក្ដីប្រកាសនេះបានធ្វើឡើងស្របពេលដែលមានការរិះគន់ជាខ្លាំងពីសំណាក់ស្ថាប័នកីឡាករបាល់ទាត់អាជីពពិភពលោក FIFPro ក៏ដូចជាស្ថាប័នលីគបាល់ទាត់ពិភពលោក (World Leagues Forum) ដែលគ្រប់គ្រងលីគកំពូលធំៗចំនួន ៤៤ ជុំវិញពិភពលោក ដែលបច្ចុប្បន្នដឹកនាំដោយលោក Richard Masters នាយកស្ថាប័នលីគកំពូលអង់គ្លេស Premier League។
គួរឱ្យដឹងថា FIFA បានប្រកាសពីផែនការពង្រីកពានរង្វាន់ FIFA Club World Cup កាលពីដើមឆ្នាំ២០២៣ នេះ ហើយបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីជ្រើសរើសសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះលើកដំបូងបង្អស់សម្រាប់ព្រឹត្តិការណ៍ជើងឯកក្លិបពិភពលោកដែលរៀបចំ ៤ឆ្នាំម្តងនេះ។ ដោយឡែកសម្រាប់ពានរង្វាន់ថ្មី ពោលគឺពាន Intercontinental Cup នឹងត្រូវបានរៀបចំឡើងស្រដៀងនឹងពាន FIFA Club World Cup បច្ចុប្បន្នផងដែរ ដោយមានការប្រកួតជម្រុះដោយក្លិបក្នុងបណ្ដាសហព័ន្ធទ្វីបនានា ដើម្បីឡើងទៅជួបម្ចាស់ពាន UEFA Champions League នៅវគ្គផ្តាច់ព្រ័ត្រ។
បើយោងតាមសេចក្តីសម្រេចរបស់ FIFA ពានរង្វាន់ថ្មីគឺ The Intercontinental Cup វគ្គជម្រុះនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ។ ចំពោះពានរង្វាន់ថ្មីមួយទៀតគឺ FIFA Club World Cup នឹងត្រូវប្តូរមករៀបចំ ៤ឆ្នាំម្តងវិញ ដោយមានក្រុមចូលរួមចំនួន ៣២ក្រុម បែងចែកជា ៨ពូល ក្នុងនោះក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ នឹងឡើងទៅកាន់វគ្គ Knock-Out ដូចទៅនឹងប្រព័ន្ធប្រកួត FIFA World Cup ដែរ៕