កោះតៃវ៉ាន់៖ នៅថ្ងៃទី១៨ ខែធ្នូនេះ បាឡុងហោះចំនួនពីរដែលគេអះអាងថាជាកម្មសិទ្ធិរបស់ចិន ត្រូវបានគេប្រទះឃើញហោះឆ្លងកាត់ខ្សែខណ្ឌដ៏រសើបមួយដែលជាបន្ទាត់បែងចែកតៃវ៉ាន់ចេញពីចិន ខណៈក្រសួងការពារជាតិរបស់កោះតៃវ៉ាន់អះអាងថា នេះគឺជាលើកទីពីរហើយក្នុងខែធ្នូ ដែលគេប្រទះឃើញបាឡុងហោះនេះ។ គួររំឮកថា បាឡុងហោះរបស់ចិនក៏ធ្លាប់ជាប្រធានបទនយោបាយដ៏ក្ដៅគគុកមួយផងដែរកាលពីខែកុម្ភៈ ដែលអាមេរិកបានចោទប្រកាន់ថាខ្លួនបានបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិន ប៉ុន្តែត្រូវបានចិនបដិសេធចំពោះការចោទប្រកាន់នេះ។
ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ គេកត់សម្គាល់ឃើញថាចិនហាក់បង្កើនសាច់ដុំ ក៏ដូចជាដាក់សម្ពាធផ្នែកយោធា ព្រមទាំងផ្នែកនយោបាយទៅលើកោះតៃវ៉ាន់ដែលព្យាយាមអះអាងថាខ្លួនជាប្រទេសឯករាជ្យ ក៏ប៉ុន្តែគេកម្រឃើញរូបភាពនៃការបង្ហោះបាឡុងនេះកើតឡើងណាស់។ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បញ្ជាក់ថា គេបានប្រទះឃើញបាឡុងហោះចំនួនពីរលើកនៅថ្ងៃទី១៧ ខែធ្នូម្សិលមិញនេះ ពោលគឺលើកទីមួយនៅម៉ោង ៩៖០៣នាទីព្រឹក និងលើកទីពីរនៅម៉ោង ២៖៤៣នាទីរសៀល (ម៉ោងនៅកោះតៃវ៉ាន់) ក្នុងទីតាំងប្រហែលជា ២០០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Keelung។ សេចក្តីរាយការណ៍ដដែលបានបន្តថា បាឡុងនោះបានហោះទៅទិសខាងកើត និងបានបាត់ខ្លួននៅម៉ោង ៩៖៣៦នាទីព្រឹក និងម៉ោង ៤៖៣៥នាទីរសៀលថ្ងៃអាទិត្យ (ម៉ោងនៅកោះតៃវ៉ាន់)។
អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា ឆ្លងកាត់ការវិភាគជំហានដំបូងបានបង្ហាញថាបាឡុងហោះទាំងនោះគឺជាបាឡុងព្យាករណ៍អាកាសធាតុ។ កន្លងមក ក៏មានការប្រទះឃើញបាឡុងមួយបានហោះចូលមកខ្សែបន្ទាត់ដែលតៃវ៉ាន់អះអាងថាជាដែនដីរបស់ខ្លួន កាលពីថ្ងៃទី០៨ ខែធ្នូកន្លងទៅផងដែរ។
ចំពោះហេតុការណ៍កាលពីថ្ងៃទី០៨ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិកោះតៃវ៉ាន់ លោក Chiu Kuo-cheng បានបញ្ជាក់ថា វាទំនងជាបាឡុងស្ទង់សំឡេង ឬព្យាករណ៍អាកាសធាតុ ដែលបានរសាត់ឆ្ពោះទៅកោះតៃវ៉ាន់ ដោយសារខ្យល់មូសុង ហើយថាវាអាចត្រូវបានប្រើសម្រាប់ការស្រាវជ្រាវ និងទិន្នន័យឧតុនិយម។ គួរបន្ថែមថា តៃវ៉ាន់កំពុងមានការប្រុងប្រយ័ត្នខ្ពស់នៅមុនពេលឈានមកដល់នៃការបោះឆ្នោតប្រធានាធិបតីនៅខែក្រោយ ដោយក្រុងតៃប៉ិ និងក្រុងវ៉ាស៊ីនតោនបានព្រមានក្រុងប៉េកាំងកុំឲ្យបញ្ចេញឥទ្ធិពលរបស់ខ្លួនមកលើការបោះឆ្នោតនេះ៕