
លោក វង្សី វិស្សុត ប្រកាសបិទបញ្ចប់គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត បានចូលរួមធ្វើជាអធិតីភាពក្នុងកម្មវិធីបិទបញ្ចប់ «គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា»។
កម្មវិធីបិទបញ្ចប់ «គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងដៃគូសហការអន្តរជាតិរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជា (អ.វ.ត.ក) ដែលប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ លោក វង្សី វិស្សុត បានឱ្យដឹងថា នៅក្នុងរយៈពេល ១៦ឆ្នាំកន្លងមកនេះ អ.វ.ត.ក. សម្រេចបាននូវជោគជ័យជាច្រើនទាំងផ្នែកយុត្តាធិការ និងមិនមែនយុត្តាធិការ ព្រមទាំងបានបន្សល់ទុកនូវកេរដំណែលដ៏ល្អសម្រាប់ប្រជាជាតិកម្ពុជា ជាមួយនឹងការជះឥទ្ធពលវិជ្ជមានទាំងនៅក្នុងសង្គមកម្ពុជា ក៏ដូចជានៅក្នុងឆាកអន្តរជាតិផងដែរ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់បន្ថែមថា ដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. គឺត្រូវធ្វើឡើងនៅក្រោមប្រព័ន្ធច្បាប់និងតុលាការជាតិ ដោយប្រើប្រាស់ប្រព័ន្ធច្បាប់ស៊ីវិល (Civil Law System) និងមានការចូលរួមពីអន្តរជាតិ ប៉ុន្តែមិនមានអំណាចសម្រេចណាមួយជំនួសកម្ពុជាក្នុងនាមជាប្រទេសមា្ចស់ផ្ទះឡើយ ដែលក្នុងន័យនេះ កម្ពុជារក្សាបាននូវអធិបតេយ្យភាព និងភាពជាម្ចាស់ក្នុងការដឹកនាំនិងចាត់ចែងដំណើរការកាត់សេចក្តី និងបង្កលក្ខណៈងាយស្រួលដល់ការបង្រួបបង្រួម និងផ្សះផ្សារជាតិ។
លោក វង្សី វិស្សុត បញ្ជាក់ថា ជាមួយនឹងលទ្ធផលប្រកបដោយជោគជ័យនៃដំណើរការកាត់សេចក្តីនៃរបបខ្មែរក្រហម និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិព្រមទាំងអនុលោមទៅនឹងស្មារតីនៃ «កិច្ចព្រមព្រៀងបន្ថែមស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ អ.វ.ត.ក ត្រូវបានផ្តល់អាណត្តិបន្ថែមឱ្យអនុវត្តមុខងារសេសសល់សម្រាប់រយៈពេលបីឆ្នាំដំបូងពីឆ្នាំ២០២៣-២០២៥ ដែលមានជាអាទិ៍៖ ការងារគតិយុត្ត ការងារថែរក្សាទុកនិងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដារអន្តរជាតិ និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន រួមទាំងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់អ.វ.ត.ក.»។
ក្នុងឱកាសនោះដែរ លោកក៏បានស្នើឱ្យមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) គិតគូ និងផ្តោតលើចំណុចសំខាន់ៗមួយចំនួន ដើម្បីបន្តចូលរួមសហការការងារប្រកបដោយប្រសិទ្ធភាពជាមួយ អ.វ.ត.ក. ដែលបាននិងកំពុងអនុវត្តមុខងារសេសសល់ផងដែរ។
គួរឱ្យដឹងដែរថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជា (អ.វ.ត.ក.) ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាតុលាការកូនកាត់គំរូមួយ ដែលប្រទេសម្ចាស់ផ្ទះដូចកម្ពុជាមានអំណាច និងអធិបតេយ្យភាពពេញលេញក្នុងការចាត់ចែង និងសម្រេចដំណើរការកាត់សេចក្តីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និងការសម្លាប់រង្គាលដែលមិនធ្លាប់មានប្រទេសណាមួយធ្វើបានឡើយ៕