
ភ្ញៀវទេសចរជាង ៨ម៉ឺននាក់ បានមកទស្សនាពិព័រណ៍ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានានៃព្រឹត្តិការណ៍រំលឹកគុណអង្គរ
សៀមរាប៖ រយៈពេល ១០ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត ៨ម៉ឺននាក់ ចូលមកទស្សនាស្តង់ពិព័រណ៍ និងកម្មសម្តែងទស្សនីយភាពសិល្បៈចម្រុះ នៅខាងមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរីនៃក្រុងអង្គរធំ។
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា រោងពិព័រណ៍របស់អាជ្ញាធរជាតិអប្សរា សរុបចំនួន ៩ ៦៤៣នាក់ ភ្ញៀវជាតិចំនួន ៤ ៥៩៥នាក់ (ព្រះសង្ឃ ១២៦អង្គ) និងភ្ញៀវបរទេស ៥ ០៤៨នាក់។
ដោយឡែក កម្មវិធីល្ខោនយីកេមហាជន ល្ខោនស្បែកធំ និងល្ខោនខោលរឿងរាមកេរ្ត៍ នៅខាងត្បូងប្រាសាទអង្គរវត្ត រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ និង ១៦ ខែធ្នូ ឆ្នាំ២០២៣ សរុប ចំនួន ១ ៤៣៩នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន ១ ៣៨៦នាក់ (ព្រះសង្ឃ ១៨អង្គ) និងភ្ញៀវបរទេសចំនួន ៣៥នាក់។
រីឯកម្មវិធីរាត្រីចងចាំ សិល្បៈចម្រុះ ល្ខោនបុរាណពោលស្រី និងប្រដាល់ក្បាច់គុណបុរាណខ្មែរ នៅព្រះលានជល់ដំរី ពីថ្ងៃទី១៤ ដល់១៥ និង ១៧ ខែធ្នូ ឆ្នាំ២០២៣ សរុបចំនួន ៦៩ ០០៥នាក់ ភ្ញៀវជាតិ ៦៨ ៧០៥នាក់ (ក្នុងនោះ កម្មវិធីរាត្រីចងចាំ មានភ្ញៀវ ៥៣ ៨២៨នាក់) និងភ្ញៀវបរទេសចំនួន ៣០០នាក់។
គួរឱ្យដឹងដែរថា ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រារព្ធពិធីបុណ្យ «រំលឹកគុណអង្គរ» នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងរយៈពេល ១០ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្រៅពីការប្រារព្ធនូវពិធីបែបសាសនា ដើម្បីសម្តែងនូវការដឹងគុណ ចំពោះអង្គព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ និងបុព្វការីជនទាំងអស់ ដែលលោកបានខិតខំកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃនេះ ក៏មានកម្មវិធីទស្សនាស្តង់ពិព័រណ៍ស្តីពីសមិទ្ធផលការងាររយៈពេល ៣១ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា ការសម្តែងទស្សនីយភាពសិល្បៈបុរាណជាច្រើនទម្រង់ ដើម្បីរួមចំណែកលើកកម្ពស់ស្នាដៃសិល្បៈបុរាណ និងផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕