ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ទីភ្នាក់ងារជាតិមុខរបរ និងការងារ ផ្តល់ឱកាសការងារចំនួន ៤ពាន់កន្លែង សម្រាប់ពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤០០០កន្លែងសម្រាប់ពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ដោយមានការសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីរោងចក្រតារាល អីនធើនេសីនណល ឯ.ក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំវេទិកាការងារនៅក្នុងបរិវេណវត្ត បុទុមវ័ន (ហៅវត្តត្រពាំងក្រូច) ស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤០០០កន្លែង ដើម្បីផ្តល់ជូនយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ។

ភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ថា ចំពោះយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចត្រៀមប្រវត្តិរូប ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយនឹងតំណាងរោងចក្របាន ចាប់ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង១៧:០០ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

បុគ្គលិកផ្នែកជ្រើសរើសបុគ្គលិក រោងចក្រ តារាល អីនធើនេសីនណល ឯ.ក. កញ្ញា សយ ស្រីទូច បានលើកឡើងថា នេះជាលើកទី២ បន្ទាប់ពីខាងក្រុមហ៊ុនជ្រើសរើសបុគ្គលិក នៅស្រុកឈូកនៃខេត្តកំពត់កន្លងមក ដែលខាងរោងចក្រសហការជាមួយនឹង NEA ដើម្បីជ្រើសរើសបុគ្គលិកនៅនឹងកន្លែង។

កញ្ញាបញ្ជាក់ថា សម្រាប់ថ្ងៃទី២០ ខាងមុខនេះខាង រោងចក្រ មានតម្រូវការជ្រើសរើសកម្មករ/កម្មការិនីចំនួនប្រមាណ ៤០០០នាក់ បន្ថែមទៀត។ ហើយតាមរយៈការសហការជ្រើសរើសបុគ្គលិកនៅមូលដ្ឋាននេះ នឹងរួមចំណែកជួយដល់រោងចក្រយើងឱ្យឆាប់ទទួលបានកម្មករ/កម្មការិនីទាន់ពេលវេលា។

កញ្ញាថា៖ «នាងខ្ញុំជឿជាក់ថា នឹងមានប្រជាពលរដ្ឋជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍ដ៌មានសារៈសំខាន់នេះ ហើយយើងនឹងទទួលបានកម្មករកម្មការិនីតាមតម្រូវការដែលយើងចង់បាន»។ ជាមួយគ្នានេះដែរ កញ្ញាក៏សូមថ្លែងអំណរអរគុណជាងខ្លាំងចំពោះ NEA ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នៅតាមមូលដ្ឋាននេះឡើង»។

ក្រៅពីផ្តល់ឱកាសការងារភ្លាមៗនៅនឹងកន្លែង វេទិកាការងារនេះ នឹងមានការទទួលចុះឈ្មោះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីចូលរៀនវគ្គបណ្តុះបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក