ជប៉ុន៖ ស្ត្រីទី១កម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បានអញ្ជើញទស្សនា«មហោស្រព National Noh Theatre» និងអញ្ជើញទស្សនាការសម្តែងសិល្បៈប្រពៃណីរបស់ប្រទេសកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងពិធីដែលមានកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ពីប្រធានក្រុមប្រឹក្សាសិល្បះជប៉ុន លោកស្រី ហាសេហ្កាវ៉ា និងមន្រ្តីនៃមហោស្រព National Noh Theatre ជាច្រើនរូប លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងភរិយាថ្នាក់ដឹកនាំអាស៊ាន-ជប៉ុន បានអញ្ជើញទស្សនាការរៀបចំរបស់អ្នកសម្តែង Noh ដូចជា ម៉ាស់ សម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន និងការប្រគុំតន្រ្តីបុរាណរបស់ជប៉ុន។
សូមបញ្ជាក់ថា National Noh Theatre គឺជារោងមហោស្រពជាតិដំបូងគេ និងសំខាន់បំផុតរបស់ប្រទេសជប៉ុនសម្រាប់សិល្បៈសម្តែងល្ខោនអូប៉េរ៉ា របាំបាឡេ របាំ និងល្ខោនជប៉ុនបុរាណ។ មហោស្រពជាតិ Noh បានបើកដំណើរការនៅទីក្រុង Sendagaya, ទីក្រុងShibuya, និងទីក្រុងTokyo ប្រទេសជប៉ុនក្នុងខែកញ្ញាឆ្នាំ១៩៨៣។
សាលមហាស្រពមានកៅអីចំនួន៦៣០ សម្រាប់អង្គុយមើលការសម្តែងរបស់ ល្ខោនNoh និង ល្ខោនKyōgen ហើយក៏មានកន្លែងហាត់សម កន្លែងតាំងពិពណ៌ បន្ទប់បង្រៀន និងបណ្ណាល័យឯកសារផងដែរ។ ការសំដែង ល្ខោនNoh ជាធម្មតាមានការលេងពីរប្រភេទ៖ ល្ខោនNoh ដែលមានលក្ខណៈត្រឹមត្រូវ ដែលជារឿយៗផ្តោតជុំវិញរឿងទេវកថា ការសម្តែងតន្ត្រី និងការរាំ ជាមួយនឹងសំលៀកបំពាក់ដ៏ប្រណិត និងរបាំងមុខប្លែកៗ និងល្ខោនkyogen ជាការលេងកំប្លែងផ្តោតលើតួអង្គថ្នាក់ទាប។ ទម្រង់ទាំងពីរនេះរួមគ្នាត្រូវបានគេហៅថា ល្ខោនnogaku។
ល្ខោនnogakuត្រូវបានចាត់ចូលជាសម្បត្តិវប្បធម៌អរូបបីរបស់អង្គការUNESCOក្នុងឆ្នាំ២០០៨។ ល្ខោនNoh បានបង្កើតឡើងពីទម្រង់នៃរបាំបុរាណ និងពីប្រភេទផ្សេងៗនៃល្ខោនពិធីបុណ្យនៅតាមទីសក្ការៈបូជា និងប្រាសាទនានា ដែលបានលេចឡើងនៅសតវត្សទី១២ ឬទី១៣ ។
ល្ខោនNoh បានក្លាយជាទម្រង់ប្លែកមួយនៅក្នុងសតវត្សទី១៤ ហើយត្រូវបានកែលម្អជាបន្តបន្ទាប់រហូតដល់ឆ្នាំនៃសម័យ Tokugawa(១៦០៣-១៨៦៦៧)។ ល្ខោន Noh ត្រូវបានរៀបចំឡើងជុំវិញបទចម្រៀង និងរបាំ។ ចលនារាំមានភាពយឺតៗ ភាសាគឺកំណាព្យ ទឹកដមគឺគ្រលួច ហើយសំលៀកបំពាក់គឺសម្បូរបែប និងធ្ងន់។ សាច់រឿងជាធម្មតាត្រូវបានដកចេញពីរឿងព្រេង ប្រវត្តិសាស្ត្រ អក្សរសិល្ប៍ និងព្រឹត្តិការណ៍សហសម័យ។ ប្រធានបទជារឿយៗទាក់ទងនឹងសុបិន ពិភពអរូបី ខ្មោច និងវិញ្ញាណ។
លោកស្រីជាភរិយា នៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃមហោស្រព National Noh Theatre ដែលបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំទាំងអស់ បានចូលទស្សនាពីការសម្តែងរបស់ អ្នកសំដែង Noh បានបង្ហាញពីវប្បធម៌ដ៏រុងរឿងរបស់ប្រទេសជប៉ុន ដែលមានអាយុកាលដ៏យូរលង់ណាស់មកនោះ៕