ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានរដ្ឋសភាចាត់ទុកជំងឺមិនឆ្លងជាបញ្ហារួម និងស្នើភាគីពាក់ព័ន្ធបន្តផ្សព្វផ្សាយពីហានិភ័យ វិធីសាស្រ្តបង្ការ ឱ្យកាន់តែផុលផុស

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានស្នើដល់អ្នកពាក់ព័ន្ធបន្តសកម្មភាពផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការជំងឺមិនឆ្លង ឱ្យកាន់តែផុលផុសដើម្បីធ្វើឱ្យពលរដ្ឋមានការយល់ដឹងកាន់តែច្រើន ជាពិសេសក្នុងចំណោមស្រ្តី រួមនឹងការបង្កលក្ខណៈងាយស្រួលសម្រាប់ ការពិនិត្យសុខភាព ហើយមានតម្លៃសមរម្យ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអំពាវនាវដូចនេះ ក្នុងឱកាសអញ្ជើញ បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងការកាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង» នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការអប់រំសុខភាពមិនគួរផ្តោតត្រឹមតែការផ្តល់ព័ត៌មានដល់សហគមន៍ នូវអ្វីដែលអាចធ្វើបាន ឬធ្វើមិនបាននោះឡើយ។

សម្តេចថ្លែងថា៖ «យើងត្រូវមានវិធានបែបសន្តិនិយម ដែលមានការគិតគូរដល់ការផ្លាស់ប្តូរឥរិយាបទ របៀបរបបរស់នៅ របៀបរបបហូបចុក និងបរិស្ថានរស់នៅ ដោយប្រើប្រាស់ទិន្នន័យនិងបច្ចេកវិទ្យា រួមទាំងធ្វើយុទ្ធនាការឱ្យមានការគាំទ្រពីភ្នាក់ងារសុខាភិបាលនិងសហគមន៍ ដូចជាអ្នកស្ម័គ្រចិត្តជាដើម ដល់អ្នក ដែលរស់នៅតំបន់ដាច់ស្រយាល ពិបាកទទួលបានសេវាសុខាភិបាលនានា»។

ក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើអាជ្ញាធរសុខាភិបាលជាតិធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូនានា ក្នុងការចែករំលែកព័ត៌មាន ទិន្នន័យ កម្មវិធីបណ្តុះបណ្តាល និងការអនុវត្តល្អៗ ដើម្បីបង្កើតភាពជាដៃគូ ពហុវិស័យ ក្នុងការស្រាវជ្រាវ និងបង្ការជំងឺមិនឆ្លងឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស គិតគូរពីតម្រូវការជាក់ស្តែងរបស់ស្រ្តី ដែលជាទូទៅមានលក្ខណៈខុសពីបុរសនៅក្នុងការទទួលបានព័ត៌មាន និងការបណ្តុះបណ្តាលស្តីពីអាហារូបត្ថម្ភ និងការថែទាំសុខភាព ព្រមទាំងលទ្ធភាពផ្នែកហិរញ្ញវត្ថុ ក្នុងការទទួលបានការព្យាបាល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថាដឹង នៅក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ រដ្ឋសភាជាតិកម្ពុជាបានអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្ម ក្នុងការរួមចំណែកការពារ និងលើកកម្ពស់សុខភាពប្រជាជន។ រដ្ឋសភាបានអនុម័តច្បាប់ ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ ដែលឆ្លើយតប ទៅនឹងការបង្ការគ្រប់គ្រងជំងឺមិនឆ្លង និងដោះស្រាយវិសមភាពយេនឌ័រ នៅក្នុងគោលនយោបាយសាធារណៈ ដូចជា ច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យជាដើម។

គួរឱ្យដឹងដែរថា ជំងឺមិនឆ្លងមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត និងជំងឺមហារីក។តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា មនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទាំងអស់ គឺសុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺមិនឆ្លងនេះ។ រៀងរាល់ឆ្នាំ មនុស្សប្រមាណ ១៧លាននាក់ នៅលើសកលលោក បានស្លាប់ មុនពេលឈានចូលដល់វ័យ ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លងនេះ។

ចំនួននៃកត្តាហានិភ័យ នៃជំងឺមិនឆ្លង បាននិងកំពុងកើនឡើង គ្រប់ទីកន្លែងទាំងនៅទីក្រុង និងតំបន់ជនបទ ដោយពួកគេបានប្រើប្រាស់ថ្នាំជក់ សេពគ្រឿងស្រវឹង គ្រឿងញៀន ទទួលបន្លែផ្លែឈើមិនគ្រប់គ្រាន់ ឬបន្លែនិងផ្លែឈើមានសារធាតុគីមីខ្ពស់ និងមិនសូវហាត់កីឡាជាដើម។ អត្រាការជក់បារីក្នុងចំណោមបុរសមានច្រើនជាងស្រ្តី ហើយកសិករ កម្មករ ដែលមានអាយុចាប់ពី១៨ ដល់ ៤៩ឆ្នាំ មានទម្លាប់នៃការជួបជុំទទួលគ្រឿងស្រវឹង ដែលជាបច្ច័យមួយនាំឱ្យធ្លាក់ខ្លួនឈឺ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក