រុស្សី៖ ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានច្រានចោលការលើកឡើងមិនសមហេតុសមផលទាំងស្រុងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលបានថ្លែងថា រុស្សីនឹងមានគំរោងវាយប្រហារលើប្រទេសដែលជាសមាជិករបស់ NATO ជាបន្តបន្ទាប់ទៀត ប្រសិនបើរុស្សីទទួលបានជ័យជម្នះនៅក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតីនៃប្រទេសមហាអំណាចមួយនេះក៏បានបន្ថែមថា រុស្សីគ្មានគោលបំណងណាមួយក្នុងការវាយប្រហារទៅលើប្រទេសទាំងឡាយណាដែលជាសម្ព័ន្ធមិត្តយោធារបស់ NATO ឡើយ។
គួររំឮកថា បញ្ហាសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានបង្កឱ្យក្លាយទៅជាវិបត្តិចាក់ស្រែះដ៏ស្មុគស្មាញបំផុតមួយមិនធ្លាប់មានសម្រាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងបណ្តាប្រទេសលោកខាងលិច រាប់ចាប់តាំងពីវិបត្តិមីស៊ីលគុយបាកាលពីឆ្នាំ១៩៦២ ខណៈលោក Joe Biden ធ្លាប់មានមតិព្រមានកាលពីឆ្នាំមុនថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ (NATO) និងរុស្ស៊ីនឹងអាចបង្កឱ្យឈានទៅមានសង្គ្រាមលោកលើកទី៣។
ជាផ្នែកមួយដែលជំរុញគណបក្សសាធារណរដ្ឋកុំឲ្យរារាំងការផ្តល់ជំនួយយោធារបស់រដ្ឋាភិបាលអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន លោក Biden បានព្រមានថា ប្រសិនបើលោក Putin ទទួលបានជ័យជម្នះលើអ៊ុយក្រែន នោះមេដឹកនាំរុស្ស៊ីរូបនេះនឹងមិនបញ្ឈប់ដំណើររបស់ខ្លួនត្រឹមនេះឡើយ ហើយគោលដៅជាបន្តប្រាកដជាបណ្ដាប្រទេសដែលជាសមាជិកសម្ព័ន្ធមិត្តរបស់ NATO។ ឆ្លើយតបនឹងការលើកឡើងនេះ លោក ពូទីន បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ Rossiya ថា៖ "ការលើកឡើងខាងលើនេះ មិនសមហេតុផលទាល់តែសោះ! ខ្ញុំគិតថាគាត់ (លោក ពូទីន) ក៏យល់ពីបញ្ហានេះដែរ"។ មិនត្រឹមតែប៉ុណ្ណោះ លោក ពូទីន ក៏បានបន្ថែមថា រុស្សីគ្មានហេតុផល ឬចំណាប់អារម្មណ៍ណាមួយសោះទាំងលើផ្នែកភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច ក្នុងការប្រយុទ្ធជាមួយប្រទេសជាសមាជិក NATO។
សូមបញ្ជាក់ថា ផ្អែកតាមមាត្រា ៥ នៃសន្ធិសញ្ញា NATO បានចែងថា៖ "ភាគីនានាឯកភាពថា ការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងប្រទេសមួយ ឬច្រើនដែលជាសមាជិកនៅក្នុងទ្វីបអឺរ៉ុប ឬអាមេរិកខាងជើង នឹងត្រូវចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងប្រទេសជាសមាជិកទាំងអស់"។ កន្លងមក លោក ពូទីន ធ្លាប់បានលើកឡើងពាក់ព័ន្ធនឹងរឿងរ៉ាវនៃការចូលជាសមាជិក NATO របស់ប្រទេសហ្វាំងឡង់កាលពីខែមេសាកន្លងទៅថា ទង្វើនេះនឹងជំរុញឱ្យរុស្ស៊ី "ប្រមូលផ្តុំអង្គភាពយោធាមួយចំនួន" នៅភាគខាងជើងប្រទេសរុស្ស៊ីនៅជិតព្រំដែនរបស់ខ្លួនជាមួយហ្វាំងឡង់៕