សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែតត្រូវដាក់សម្ពោធជាផ្លូវការ

បន្ទាយមានជ័យ៖ មជ្ឈមណ្ឌល សំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)លោក ស សុខា តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត។

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំ សុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សប្រកប ដោយសុខសុវត្ថិភាព និងគ្មានការរើសអើងជាតិសាសន៍ និងពិការភាព។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក ជា សុមេធី បានថ្លែងថា ពិធីថ្ងៃនេះគឺជាសក្ខីភាពបង្ហាញនូវវឌ្ឍនភាព និងសមិទ្ធផលថ្មីមួយបន្ថែមទៀត លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលផ្តោតសំខាន់លើកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា "សម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨” និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០"។

លោកបន្ថែមថា៖ «ការបង្កើត និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតនេះគឺជា ទឡ្ហីករណ៍មួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីសំដៅផ្តល់កិច្ចគាំពារ និងគាំទ្រនូវសេចក្តីត្រូវការចាំបាច់របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស តាមរយៈ ការផ្តល់សេវាសមស្របទប់ស្កាត់រាល់អំពើជួញដូរមនុស្សក្នុងប្រទេសនិងឆ្លងកាត់ព្រំដែន ជាពិសេសការជួយជនរងគ្រោះតាមរយៈការស្តារនីតិសម្បទា សមាហរណកម្ម និងការពារសិទ្ធិជនរងគ្រោះ ស្របតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា និងតម្រូវការចំពោះមុខ»។

បើតាមលោករដ្ឋមន្ត្រី មជ្ឈមណ្ឌលនេះមានផ្តល់ការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ: ចំនួន០៥មុខជំនាញ រួមមាន៖ កាត់ដេរ សាឡន ធ្វើម្ហូប/បង្អែម អគ្គិសនី ទឹក និងម៉ាស៊ីនត្រជាក់ផងដែរ។

មជ្ឈមណ្ឌលនេះជាជំនួយឥតសំណងពីព្រះរាជាណាចក្រថៃសម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២ ១៩៩ ៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ចំពោះជំនួយនេះដោយថាជាកាយវិការសហប្រតិបត្តិការប្រកបដោយឆន្ទៈនយោបាយរួមរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនិងការរំលោភបំពានផ្សេងៗទៀត ព្រម ទាំងការជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

លោក ស សុខា៖ «មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជន រងគ្រោះប៉ោយប៉ែត គឺជាមជ្ឈមណ្ឌលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា-ថៃ ក្នុងការជួយដល់ជនរង គ្រោះ ជាពិសេសពលករ ដែលរងគ្រោះដោយអំពើជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ ដែលចាកចេញទៅធ្វើការនៅក្រៅប្រទេស»។

គួរឲ្យដឹងផងដែរថា មុនការសម្ពោធឲ្យប្រើប្រាស់មជ្ឈមណ្ឌលនេះក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ប្រារព្ធពិធីប្រគល់-ទទួលជានិមិត្តរូប កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាពផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក