អភិបាលខេត្តបន្ទាយមានជ័យ ប្រកាសផ្ទេរភារកិច្ចលោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក ទៅបម្រើការជាអភិបាលស្រុកអូរជ្រៅ
បន្ទាយមានជ័យ: លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបានប្រការតែងតាំងផ្ទេរភារកិច្ចជូនមន្រ្តីរាជការសាលាស្រុកអូរជ្រៅ ដោយលោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក ត្រូវបានផ្ទេរទៅបំរើការជាអភិបាលស្រុកអូរជ្រៅ ជំនួសលោក លី សុវណ្ណ រិទ្ធ អភិបាលស្រុកចាស់ដែលត្រូវទៅទទួលដំណែងជាអភិបាលរងខេត្ត។ពិធីប្រកាសតែងតែផ្ទេរភារកិច្ចជូនមន្រ្តីរាជការនេះធ្វើនៅថ្ងៃទី១៧ ខែសីហា នៅទីតាំងសាលាស្រុកអូរជ្រៅ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍លើកឡើងថាការប្រកាសតែងតាំង និងផ្ទេរភារកិច្ច របស់ថ្នាក់ដឹកនាំពីស្រុកមួយមកស្រុកមួយទៀតនេះគឺជាដំណើរការធម្មតានៃការរៀបចំនៃច្បាប់របស់រាជរដ្ឋាភិបាលក្នុងគោលបំណងគ្រប់គ្រងការងាររែកពន់ការងារនឹងរួមគ្នាជាមួយក្រុមប្រឹក្សាមន្ត្រីរាជការក្នុងការដឹកនាំកិច្ចការរដ្ឋបាលឱ្យធានាបាននូវការអភិវឌ្ឍប្រកបដោយចិរភាព និងដើម្បីអនុវត្តឲ្យបានសម្រេចនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦ពិសេសគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដែលកំពុងឈានក្នុងដំណាក់កាលនៃការផ្ទេរមុខងារ និងធនធានមកថ្នាក់ក្រោមជាតិហើយក៏ជាដំណាក់កាលស៊ីជម្រៅថែមទៀតរបស់រាជរដ្ឋាភិបាល។
លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំដល់អភិបាលស្រុកដែលទទួលតួនាទីថ្មីត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងសាមគ្គីភាពឲ្យបានល្អប្រសើរឯកភាពជាមួយគ្រប់អង្គភាពពាក់ព័ន្ធដើម្បីសម្រេចបាននូវគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន។ ពិសេសដោយស្រុកអូរជ្រៅ ជាស្រុកមួយជាប់ព្រំដែនប្រទេសថៃ ក្នុងនាមអភិបាលស្រុកថ្មីត្រូវរួមសហការជាមួយភាគីថៃ ទប់ស្កាត់រាលបទល្មើសតាមព្រំដែនឲ្យបានល្អ ពិសេសក្នុងដំណាកកាលដែលពលករកំពុងតែបន្តមកតាមច្រកអូរបីជាន់ ត្រូវមានមានកិច្ចសហការឲ្យបានល្អជាមួយភាគីថៃក្នុងការសម្របសម្រួលជូនបងប្អូនពលករខ្មែរដែលត្រលប់មកកម្ពុជាទប់ស្កាត់កុំឲ្យមានការគេចវេសលួចចូលតាមច្រករបៀងគេចវេសពីការត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក ដែលវាប្រឈមនឹងការរីករាលដាលនៃវូរុសកូវីដ-១៩ ប្រភេទបំប្លែងថ្មី Delta៕