ពីភពលោក៖ "តៃវ៉ាន់គ្មានថ្ងៃដួលរលំដូចប្រទេសអាហ្វហ្គានីស្ថានឡើយ ទោះបីជាមានការវាយប្រហារដោយសង្គ្រាមក្តី" នេះគឺជាការលើកឡើងដោយផ្ទាល់ពីនាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក Su Tseng-chang ដែលគេមើលឃើញថា វាជាការព្រមានដោយប្រយោលទៅកាន់ចិន ទំនងចង់ប្រាប់ជាមុនកុំឱ្យមាន"ចេតនា"ណាមួយក្នុងការប៉ុនប៉ងគ្រប់គ្រងលើដែនកោះមួយនេះ។
ចិន ដែលជានិច្ចកាលតែងតែអះអាងថា ដែនកោះតៃវ៉ាន់គឺជាផ្នែកមួយនៃអធិបតេយ្យរបស់ខ្លួនរហូតមកនោះ បាននិងកំពុងបង្កើនសម្ពាធផ្នែកយោធា និងផ្នែកការទូតដើម្បីបង្ខំឱ្យតៃវ៉ាន់ឯកភាពទៅលើអធិបតេយ្យរបស់ចិនលើដែនកោះនេះ ដែលបានបង្កជាការព្រួយបារម្ភពីបណ្តាប្រទេសធំៗជាច្រើន ជាពិសេសគឺរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលគេដឹងថាជាសម្ព័ន្ធមិត្តឈរខាងតៃវ៉ាន់រហូតមក។
ក្រោយរូបភាពជាក់ស្តែងនៃការដួលរលំនៃប្រទេសអាហ្វហ្គានីស្ថាន ជាពិសេសក្រោយការប្រកាសដកទ័ពរបស់សហរដ្ឋអាមេរិក ក៏ដូចជាការភៀសខ្លួនរបស់ប្រធានាធិបតីចេញពីប្រទេស បាននាំឱ្យមាននូវការបង្ហាញជាចម្ងល់អំពីសេណារីយ៉ូមួយ ថាតើសហរដ្ឋអាមេរិកអាចនឹងឈរការពារតៃវ៉ាន់ដែរឬទេ ក្នុងករណីមានការឈ្លានពានដោយកម្លាំងពីចិន??
យ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក Su Tseng-chang បានបង្ហាញពីជំហរយ៉ាងរឹងមាំ ដោយលោកអះអាងថារដ្ឋាភិបាលតៃវ៉ាន់នឹងមិនញញើតឡើយក្នុងការតដៃ បើទោះបីអាចឈានដល់ការបង្ហូរឈាម ឬស្លាប់ដោយការពារដែនដីរបស់ខ្លួនក្តី ប្រសិនបើមានការឈ្លានពានណាមួយនាពេលអនាគត។
នាយករដ្ឋមន្រ្តីវ័យ ៧៤ឆ្នាំរូបនេះក៏បានបន្ថែមផងដែរថា ទិដ្ឋភាពនៃអាហ្វហ្គានីស្ថានបានបង្ហាញឱ្យឃើញច្បាស់ណាស់ថា ប្រទេសដែលកំពុងមានទំនាស់ផ្ទៃក្នុង ហើយបាត់ការគាំទ្រពីប្រភពខាងក្រៅនឹងអាចនាំឱ្យមានការផ្លាស់ប្តូរធំមួយអាចកើតឡើង។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តីរូបនេះបានបង្ហាញការជឿជាក់លើប្រជាជននៃតៃវ៉ាន់ទាំងមូល មានភាពក្លាហានគ្រប់គ្រាន់នឹងអាចការពារដែនដីរបស់ខ្លួនបាន៕