ជប៉ុន៖ តាមរយៈបទពិសោធន៍ល្អជាមួយកម្ពុជា ក្រុមហ៊ុន Ehime Package គ្រោងពង្រីកការវិនិយោគបន្ថែមលើឧស្សាហកម្មផលិតឡាំងក្រដាសចេញពីផលិតផលកសិកម្មនៅប្រទេសកម្ពុជាសម្រាប់ការនាំចេញ។
នេះបើតាមខ្លឹមសារក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានក្រុមហ៊ុន Ehime Package លោក អ៉ិកាវ៉ា ណោគិ (Ikawa Naoki) នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
មិនត្រឹមតែបញ្ជាក់ពីគម្រោងពង្រីកការវិនិយោគនៅកម្ពុជា លោក អ៉ិកាវ៉ា ណោគិ បានលើកឡើងថាជាង ១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានជ្រើសរើសកម្មសិក្សាការីជនជាតិខ្មែរ មកបំពេញការងារនៅប្រទេសជប៉ុន។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ehime Package និងការអរគុណចំពោះបទពិសោធន៍ និងការយល់ឃើញប្រកបដោយសុទិដ្ឋិនិយមចំពោះសក្តានុពលរបស់ប្រទេសកម្ពុជា ។
សម្តេចធិបតីក៏បានបន្ថែមថា ស្របពេលដែលឆ្នាំ២០២៣ នេះ គឺជាខួប៧០ នៃចំណងការទូតកម្ពុជា-ជប៉ុន និងក៏ជាឆ្នាំដ៏ពិសេសនៃការដំឡើងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” សម្តេចធិបតី ក៏បានលើកឡើងអំពីគម្រោងនៃជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា ទិសដៅនៃការលើកកម្ពស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវិស័យឯកជន។
ក្នុងន័យនេះ សម្តេចធិបតី ក៏បានសម្តែងការចាប់អារម្មណ៍លើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតក្រដាសចេញពីផលិតផលកសិកម្ម ស្របពេលដែលវិស័យកសិកម្ម គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកំពុងជំរុញការផលិតទិន្នផលកសិកម្មជាផលិតផលសម្រេចបម្រើឱ្យការនាំចេញ ដោយក្នុងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការ និងវិធានការមួយចំនួន រួមមានជាអាទិ៍ ការពង្រាយមន្ត្រីកសិកម្មនៅគ្រប់ឃុំ ទូទាំងប្រទេសដើម្បីជួយដល់ប្រជាកសិករ និងការបង្កើតនូវសហគមន៍កសិកម្មទំនើប ជាដើម៕