តូក្យូ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ថាគ្មានការអនុញ្ញាតឲ្យក្រុមហ៊ុនតាក់ស៊ីវៀតណាមមកវិនិយោគនៅកម្ពុជានោះទេ ដោយថាគោលដៅនៃរដ្ឋាភិបាលអាណត្តិទី៧ គឺជួយទៅដល់ប្រជាពលរដ្ឋដែលធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយផ្ទាល់តែម្ដង។
ថ្លែងក្នុងពិធីជួបជាមួយពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលកម្ពុជាពុំទាន់ឬក៏បានអនុញ្ញាតទៅដល់ក្រុមហ៊ុន Vingroup របស់វៀតណាមក្នុងការនាំយករថយន្តតាស៉ីអគ្គិសនីមកធ្វើការរកស៊ីលើវិស័យសេវាកម្មនៅកម្ពុជានោះទេ។
សម្ដេចបានលើកឡើងថានៅក្នុងកិច្ចប្រជុំរវាងសម្ដេចជាមួយនឹងក្រុមហ៊ុនកាលពីនៅប្រទេសវៀតណាមគឺមានមែនក៏ប៉ុន្តែពុំមានគោលការណ៍ពីសម្ដេចក្នុងការអនុញ្ញាតនោះទេ។
សម្ដេចបន្ថែមថា នៅក្នុងអាណត្តិរបស់សម្ដេចគឺមានចក្ខុវិស័យក្នុងការជួយទៅដល់អ្នកធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា អ្នករត់ម៉ូតូឌុប អ្នករត់កង់បីនិងអ្នកដែលធ្វើការក្នុងវិស័យដឹកជញ្ជូនផ្សេងទៀតដោយផ្ទាល់៕