ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានណែនាំដល់ថ្នាក់កណ្ដាល និងសាខានៃកាកបាទក្រហមកម្ពុជាចូលរួមជួយពង្រឹងនូវតូនាទីស្នូលរបស់យុវជន ដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ និងមានគំនិតផ្ដួចផ្ដើមថ្មីៗចូលរួមដោះស្រាយបញ្ហាសាកល។
ការណែនាំនេះធ្វើឡើងក្នុងពេលដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមជាអធិបតីនៃមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ីភ្នំពេញ។
សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពិនិត្យឃើញថាស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកបច្ចុប្បន្ននេះមានភាពតានតឹង មិនប្រាកដប្រជា មានហានិភ័យខ្ពស់ គ្រោះថ្នាក់ខ្លាំង រីឯការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ នៅតែមានកំណើនយឺតនៅឡើយ។ ស្ថានភាពទាំងនោះមើលឃើញជាក់ស្ដែងក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហានៅមជ្ឃឹមបូព៌ា ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ដែលបានគំរាមកំហែងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងវិបត្តិមនុស្សធម៌ផ្សេងៗ។
ដោយឃើញពីបញ្ហានេះហើយទើបសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតបានណែនាំដល់មន្ត្រីកាកបាទក្រហមកម្ពុជា ត្រូវចូលរួមអនុវត្តសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ និងត្រូវរៀបចំផែនការ និងទិសដៅឱ្យស្របតាមបរិបទជាតិក្នុងការពង្រឹងភាពជាម្ចាស់ការ ការទទួលខុសត្រូវ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋងាយរងគ្រោះ។ សម្ដេចក៏បង្ហាញពីការគិតដល់អនាគតរបស់កាកបាទក្រហមផងដែរដោយណែនាំឱ្យមានការលើកកម្ពស់តួនាទីស្នូលរបស់យុវជន ដើម្បីពង្រឹងសមត្ថភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ សីលធម៌ និងមានគំនិតថ្មីៗ ចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមសកលដូចជាការប្រែប្រួលអាកាសធាតុ ការកសាងភាពធន់សហគមន៍ ការលើកកម្ពស់បរិស្ថានល្អ បរិស្ថានបៃតង និងលើកកម្ពស់សុខភាពសាធារណៈជាដើម។
ជាមួយគ្នានាំសម្ដេចកិត្តព្រឹទ្ធិបណ្ឌិតប្រធានកាកបាទក្រហមក៏បានណែនាំឱ្យមានការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការបរទេស និងជាមួយស្ថាប័នរដ្ឋ កិច្ចការងារបរិស្ថាន បង្កើនសាមគ្គីភាព បង្កើនការទទួលខុសត្រូវនិងអភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួនផងដែរ។
សម្ដេចបានអំពាវនាវឱ្យពលរដ្ឋគ្រប់រូបជាពិសេសសប្បុរសជនបន្តគាំទ្រដល់បេសកមុ្មរបស់កាកបាទក្រហមកម្ពុជាដើម្បីកសាងនូវសហគមន៍ដែលមានភាពធន់ ធ្វើឱ្យប្រជាពលរដ្ឋមានស្ថានភាពរស់នៅកាន់តែល្អប្រសើរ សុខភាពល្អ។
គួរឱ្យដឹងដែរថា មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានពិនិត្យ និងអនុម័ត សមាសភាពគណៈកម្មាធិការកណ្តាល អាណត្តិទី៧ មានសរុប ១៣រូប ដែលក្នុងនោះមាន ប្រធាន ១រូប គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុប្រធាន ៣រូប អនុប្រធានអចិន្ត្រៃយ៍ ១រូប អគ្គហេរញ្ញិក ១រូប និងសមាជិក ៦រូប ព្រមទាំងបានសម្រេចជ្រើសតាំង អគ្គលេខាធិការ ១រូប និងអគ្គលេខាធិការរង ២រូប ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលស្គាល់ដោយអនុក្រឹត្យលេខ ៣៥៩អនក្រ.បក ចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ ស្តីពី ការទទួលស្គាល់គណៈកម្មាធិការកណ្តាល និងអគ្គលេខាធិការ អគ្គលេខាធិការរង កាកបាទក្រហមកម្ពុជា អាណត្តិទី ៧៕