ភ្នំពេញ៖ កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តិឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រធានមហាសន្និបាត ICAPPនេះ។ នេះបើតាមការឱ្យដឹងនៅក្នុងខ្លឹមសារជំនួបរវាងប្រធានគណបក្សប្រជាជន សម្តេចតេជោ ហ៊ុន សែន និងប្រធាន ICAPP លោក ជុង អ៊ីយ៉ុង នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា។
មហាសន្និបាត ICAPP គឺជាវេទិកានៃគណបក្សនយោបាយនៃបណ្តាប្រទេសអាស៊ី និងប្រទេសក្នុងទ្វីបអូសេអានី ចូលរួមលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយ បង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នា និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់របស់អាស៊ី តាមរយៈតួនាទីរបស់គណបក្សនយោបាយបង្កើតបរិយាកាសសន្តិភាពប្រកបដោយចីរភាព និងវិបុលភាពរួមគ្នាក្នុងតំបន់។
ក្នុងជំនួបជាមួយសម្ដេចតេជោប្រធានបក្សប្រជាជន ប្រធាន ICAPP លោក ជុង អ៊ីយ៉ុង បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាដែលបានចំណែកក្នុងគំនិតផ្តួចផ្តើមគាំទ្រនិងពូនជ្រំកិច្ចសហប្រតិបត្តិការ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅអាស៊ី។ លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដឹកនាំស្ថាប័ន ICAPP ក៏ដូចជាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) របស់ ICAPP ដើម្បីការតភ្ជាប់វប្បធម៌ចម្រុះនៅអាស៊ី និងពិភពលោកតាមរយៈកិច្ចសន្ទនា ការយោគយល់គ្នា និង ការគោរពគ្នា ជាពិសេសការបង្កើតភាពជាដៃគូជាមួយនឹងអង្គការ UNESCO។
ជាការឆ្លើយតបសម្តេចតេជោបានជំរុញអង្គការ ICAPP បង្កើនតួនាទីយុវជន និងជំរុញបវិវិត្តកម្មឌីជីថលនៅ ក្នុងការតភ្ជាប់សង្គមនិងសេដ្ឋកិច្ច ហើយបន្តចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីទ្វីបអាស៊ីប្រកបដោយសន្តិភាព និងវិបុលភាព និងចង់ឃើញឧបទ្វីបកូរ៉េមានសន្តិភាពយូរអង្វែង។ ចំពោះមហាសន្និបាតលើកទី១២ សម្ដេចតេជោបានសម្រេចប្រគល់ ភារកិច្ចជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានមហាសន្និបាត ICAPP នេះ។
មហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធរួមមាន កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ វេទិកាសារព័ត៌មាន ICAPP លើកទី៧ នៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៤ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំនិងជោគជ័យមួយបន្ថែមទៀតនៃការជួបជុំមហា គ្រួសារគណបក្សនយោបាយនៅអាស៊ី តំណាងឱ្យ ៥២ប្រទេស និងស្ថាប័នជាដៃគូមកពីតំបន់ផ្សេងៗ។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងក្លាយជាគណបក្សទីមួយរបស់ ICAPP ដែលបានទទួលធ្វើម្ចាស់ផ្ទះមហា សន្និបាត ICAPP ចំនួន២លើក ដែលលើកទី១ គឺមហាសន្និបាត ICAPP លើកទី៦ នៅឆ្នាំ២០១០ ក្រោមការ ដឹកនាំផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន៕