ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីការងារ ស្នើឱ្យខេត្តមីយ៉ាហ្គី របស់ជប៉ុនបន្តជ្រើសរើសពលករជំនាញពីកម្ពុជាបន្ថែមទៀត

ជប៉ុន៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានស្នើសុំឲ្យសមាជិកនៃសភាពាណិជ្ជកម្មរបស់ខេត្តមីយ៉ាហ្គី របស់ជប៉ុន ទទួលយកពលករជំនាញរបស់កម្ពុជាបន្ថែមទៀត ខណៈក្រសួងនឹងសហការបណ្តុះបណ្តាលជំនាញតាមតម្រូវការរបស់ឧស្សាហកម្មរបស់ខេត្តមួយនេះ។

លោករដ្ឋមន្ត្រីក្រសួងការងារ បានស្នើបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយ អភិបាលខេត្តមីយ៉ាហ្គីរបស់ប្រទេសជប៉ុន លោក Murai Yoshihiro នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសជប៉ុន។

លោករដ្ឋមន្ត្រីបានស្នើឱ្យលោក Murai Yoshihiro ជំរុញការផ្សព្វផ្សាយ និងជំរុញឱ្យសហគ្រាសនៅក្នុងខេត្តមីយ៉ាហ្គីជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម ខណៈខេត្តមួយនេះបន្តការបង្កើតរោងចក្រថ្មីៗជាច្រើនក្នុងពេលថ្មីៗនេះ។

លោក ហេង សួរបានថ្លែងថា៖ «ក្នុងខណៈពេលដែលខេត្តមីយ៉ាគី ទទួលបានការបង្កើតរោងចក្រថ្មីជាច្រើនក្នុងរយៈពេលថ្មីៗនេះ ដូច្នេះសូមអភិបាលខេត្ត ជួយផ្សព្វផ្សាយ និងជំរុញសហគ្រាសនៅក្នុងខេត្តជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម»។

លោក ហេង សួរ បានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រីករាយនឹងសហការជាមួយខេត្តមីយ៉ាហ្គីក្នុងការបណ្តុះបណ្តាលជំនាញដើម្បីឲ្យចំតម្រូវការឧស្សាហកម្មរបស់ខេត្ត។

សូមបញ្ជាក់ថា នៅក្នុងខេត្តមីយ៉ាគីនេះ មានកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជាចំនួន ១០៩នាក់ដែលកំពុងហាត់ការងារ និងបំពេញការងារនៅទីនោះ។ ទន្ទឹមនិងនេះ លោករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់អភិបាលខេត្តមីយ៉ាហ្គីរបស់ប្រទេសជប៉ុនចំពោះការមើលថែរក្សាកម្មសិក្សាការី និងពលករជំនាញកម្ពុជាក្នុងខេត្តបានយ៉ាងល្អ។

មុននឹងបញ្ចប់ជំនួបលោក ហេង សួរ បានអញ្ចើញលោកអភិបាលខេត្ត និងសភាពាណិជ្ជកម្មក្រុងសេនដៃ(Sendai) នៃខេត្តមីយ៉ាហ្គីមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅថ្ងៃដដែលនោះ ក្រៅពីជំនួបជាមួយលោកអភិបាលខេត្ត លោករដ្ឋមន្ត្រី ហេង សួរក៏បានជួបជាមួយលោកHideki Takayama នាយកប្រតិបត្តិនិងអគ្គលេខាធិការនៃសភាពាណិជកម្មក្រុងសេនដៃ (Sendai) របស់ខេត្តមីយ៉ាហ្គី។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានស្នើសុំឲ្យសមាជិកនៃសភាពាណិជ្ជកម្មរបស់ខេត្តទទួលយកពលករជំនាញរបស់កម្ពុជានៅពេលមានតម្រូវការជ្រើសរើសពលករបរទេសបន្ថែមផងដែរ។

ក្នុងជំនួបដដែលលោករដ្ឋមន្ត្រី ក៏បានអញ្ជើញសមាជិកសភាពាណិជ្ជក្រុងសេនដៃមកទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាដែលជាប្រទេសមានសក្តានុពលថ្មីផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក