គណបក្សចំនួន៤ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤
ភ្នំពេញ៖ គិតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីសមាជិកគ.ជ.ប លោក សោម សូរីដា នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីប្រកាសចូលកាន់តំណែងរបស់សមាសភាពនៃគ.ជ.ប អាណត្តិថ្មី នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
គណបក្សនយោបាយ៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចទទួលស្គាល់ជាផ្លូវការ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នោះគឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ គណបក្សទាំង៤នេះបានចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះប្រកួតប្រជែងទៅលើមណ្ឌលបោះឆ្នោតទាំង៨ភូមិភាគ»។
បើតាមលោក សោម សូរីដា ការិយាល័យបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខនេះ មានចំនួន៣៣ការិយាល័យបោះឆ្នោត។ លោក សោម សូរីដា បានអះអាងថា ទោះបីសមាជិក គ.ជ.ប មកពីគណបក្សណាក៏ដោយ ក៏គ.ជ.ប អនុវត្តកិច្ចការរបស់ខ្លួនគោរពទៅតាមច្បាប់ត្រឹមត្រូវ និងធ្វើឱ្យមានសុខុមរមណីយកម្ម។
លោកថ្លែងថា៖ «ខ្ញុំនៅតែបញ្ជាក់ពីជំហដដែល គឺការគោរព និងអនុវត្តច្បាប់ដែលជាការតម្រុងទិស គ.ជ.ប ហើយធានានូវអព្យាក្រឹត្យភាពរបស់គ.ជ.ប នៅក្នុងការរៀបចំការបោះឆ្នោតមួយឱ្យប្រព្រឹត្តទៅសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយគោរពទៅតាមបទបញ្ជានៃនីតិវិធី។ នីតិវិធីនៃគ.ជ.ប នេះរៀបចំឡើងដោយផ្អែកទៅលើច្បាប់ ហើយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ វាជាគោលការណ៍អនុវត្តទូទៅរបស់គ.ជ.ប ដែលត្រូវប្រកាន់យក»។
គូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ គ.ជ.ប កំណត់រយៈពេល១៥ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ៕