ក្រសួងពាណិជ្ជកម្មចុះ MOU ជាមួយក្រុមហ៊ុនឯកជនមួយ ដើម្បីប្រមូលទិញកសិផលរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗកាត់បន្ថយសម្ពាធនៃការផ្គត់ផ្គង់នៅលើទីផ្សារ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចុះអនុស្សរណាយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលកសិផលសម្រាប់ផលិតចំណីសត្វ និងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ រួមមាន កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលស្រូវ កន្ទក់ និងកញ្ជុងអង្ករ សម្រាប់ផលិតចំណីសត្វ និងកិច្ចសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានគូសបញ្ជាក់ថា ការចូលរួមប្រមូលទិញពោតក្រហម ដំឡូងមី កន្ទក់ និងកញ្ជុងអង្ករ ដែលសុទ្ធសឹងជាធាតុចូលកសិកម្មសក្តានុពលនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនស៊ី.ភី គឺជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការកាត់បន្ថយសម្ពាធនៃការផ្គត់ផ្គង់កសិផលនៅលើទីផ្សារ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។
លោកស្រីបានបញ្ជាក់ឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ នេះ នឹងអនុញ្ញាតឱ្យមានការប្រមូលទិញពោតក្រហម ប្រមាណ ២៥ម៉ឺនតោន ក្នុងមួយឆ្នាំ ដំឡូងមីប្រមាណ ១៥ម៉ឺនតោន ក្នុងមួយឆ្នាំ ស្រូវប្រមាណ ២ម៉ឺនតោន ក្នុងមួយឆ្នាំ កន្ទក់ ប្រមាណ ៥ម៉ឺនតោន ក្នុងមួយឆ្នាំ និងកញ្ចុងអង្ករប្រមាណ ១ម៉ឺនតោន ក្នុងមួយឆ្នាំផងដែរ។
ទន្ទឹមនោះ លោកស្រីបានបន្ថែមថា ការជំរុញផលិតកម្មចំណីសត្វ នឹងជួយជំរុញផលិតភាពនិងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក មិនត្រឹមតែបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងប៉ុណ្ណោះទេ ផលិតករថែមទាំងអាចទទួលបានប្រាក់ចំណេញមួយកម្រិតបន្ថែមទៀតលើការចំណាយលើធាតុចូលកសិកម្ម។
រដ្ឋមន្រ្តីពាណិជ្ជកម្មរូបនេះ គូសបញ្ជាក់ថា ការវិនិយោគ ទាំងនេះបានបង្កើតការងារ និងពង្រឹងឱ្យបានរឹងមាំនូវខ្សែច្រវាក់តម្លៃនៅគ្រប់ដំណាក់កាល ប្រកបដោយចីរភាព បរិយាបន្ន និងមានគុណតម្លៃខ្ពស់ គិតចាប់តាំងពីការប្រមូលទិញធាតុចូលក្នុងតម្លៃប្រកួតប្រជែង ការពង្រីកតម្រូវការទីផ្សារវត្ថុធាតុដើមនៃផលិតផលកសិកម្ម ការបង្កើតនិងការកែច្នៃផលិតផលថ្មីជាដើម។
លោកស្រីបន្ថែមថា លើសពីការជំរុញផលិតកម្មចំណីសត្វ ដែលផលិតក្នុងស្រុក នឹងជំរុញផលិតភាពនិងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក ដែលមិនត្រឹមតែបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងប៉ុណ្ណោះទេ ផលិតករអាចទទួលបានប្រាក់ចំណេញមួយកម្រិតបន្ថែមទៀតនៅពេលដែលតម្លៃធាតុចូលកសិកម្ម ជាពិសេសចំណាយលើចំណីសត្វមានតម្លៃសមរម្យ ដែលនេះជាកត្តាមួយអាចជួយសម្រាលដល់ការកើនឡើងថ្លៃចំណីសត្វ។
គួរឱ្យដឹងដែរថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ខាងលើនេះបានបង្ហាញពីកិច្ចសហការគ្នារវាងវិស័យរដ្ឋាភិបាល និងផ្នែកឯកជន ដែលបានចូលរួមអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងការស្វែងរកយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅធ្វើឱ្យមានស្ថិរភាពថ្លៃលក់រាយផលិតផលកសិកម្មនៅលើទីផ្សារក្នុងរយៈពេលមធ្យម ក្នុងគោលដៅបង្កើនផលិតភាពរបស់កសិករ និងកាត់បន្ថយហានិភ័យនានា ដែលអាចធ្វើឱ្យកសិផលជន់ជោរនៅលើទីផ្សារនិងធា្លក់ថ្លៃនៅរដូវកាលប្រមូលផលស្របគ្នា៕