មណ្ឌលគីរី៖ «ផ្លូវវាងថ្មី» ប្រវែងប្រមាណ ១គីឡូម៉ែត្រ នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ដែលសាងសង់ជំនួសផ្លូវដែលបាក់ស្រុត ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី គ្រោងបញ្ចប់ការសាងសង់នៅចុងខែធ្នូ ឆ្នាំ២០២៣នេះហើយ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ឱ្យដឹងថា «ផ្លូវវាងថ្មី» ដែលមានប្រវែងប្រមាណ ១០០០ម៉ែត្រ សាងសង់ឡើងសម្រាប់តភ្ជាប់ផ្លូវដែលបាក់ស្រុតប្រវែង ១៦៦ម៉ែត្រ ដែលស្រុតចុះកាលពីថ្ងៃ០១ ខែសីហា ឆ្នាំ២០២៣ កន្លងមក។
តាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគីរី គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ការងារតភ្ជាប់ផ្លូវជាតិលេខ៧៦ អនុវត្តន៍បាន ៨០% ដោយបានចាក់ថ្មម៉ិចកៀរកិនបង្ហាប់បាន ១០០% ហើយបានរៀបចំប្រឡាយចំហប្រើថ្មចំណាំងសងខាងផ្លូវជាតិ (Rip Rap) បាន ៥០% ហើយ។
គូសបញ្ជាក់ថា ផ្លូវជាតិលេខ៧៦ មានប្រវែង ១២៧គីឡូម៉ែត្រ ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១ ដែលចំណាយថវិកាសាងសង់ចំនួនជាង ៥១លានដុល្លារ។
ផ្លូវនេះត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២។ គិតចាប់ពីពេលស្ថាបនារួចមក មានរយៈពេលជាង ១២ឆ្នាំ ផ្លូវជាតិលេខ៧៦នេះ មិនធ្លាប់មានការខូចខាត ដែលតម្រូវឱ្យមានការជួសជុលម្តងណាទេ ហើយតែងតែទទួលបានការថែទាំជាប្រចាំរហូតមក ដោយមន្ទីរជំនាញ ប៉ុន្តែទើបតែមានស្នាមប្រេះ និងបាក់ស្រុតកាលពីដើមខែសីហាកន្លងទៅ៕