សៀមរាប៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ គឺជាថ្ងៃគំរាប់ខួបលើកទី៣១ ដែលរមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការបេតិកភណ្ឌនៅក្រុង Santa Fe ប្រទេសសហរដ្ឋអាមេរិក។
ដើម្បីអបអរសាទរការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍ «រម្លឹកគុណអង្គរ» ដែលធ្វើឡើងរយៈពេល ១០ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។
ព្រឹត្តិការណ៍ «រម្លឹកគុណអង្គរ» នេះរៀបចំឡើងដើម្បីរំលឹកគុណ អង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។
ចំពោះនៅថ្ងៃនេះទៀតសាត នៅរមណីយដ្ឋានអង្គរក៏មានការរៀបចំព្រឹត្តិការណ៍ «រាត្រីចងចាំលើកទី៤ ឆ្នាំ២០២៣» ដែលមានការបង្ហាញជូននូវទស្សនីយភាពសិល្បៈចម្រុះដ៏សម្បូរបែបរួមមាន របាំបុរាណ ល្ខោនយីកេ ល្ខោនទំនើបចម្រុះ ការបង្ហាញម៉ូតសម្លៀកបំពាក់ខ្មែរដ៏ប្រណិត ការប្រគំតន្ត្រីសម័យច្នៃបែបទំនើប ដោយមានការចូលរួមពីសិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ព្រមទាំងតារាចម្រៀង តារាសម្ដែង និងតារាបង្ហាញម៉ូតល្បីៗនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើឱ្យកក្រើកជាថ្មីលើទឹកដីអង្គរ៕