ក្រសួងអធិការកិច្ច និងមន្ទីរពេទ្យព្រះកេតុមាលា បន្តចុះ MOU ដើម្បីលើកកម្ពស់សុខុមាលភាពជូនមន្ត្រីក្រសួង
ភ្នំពេញ៖ ក្រសួងអធិការកិច្ច និងមន្ទីរពេទ្យព្រះកេតុមាលា នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការលើកកម្ពស់សុខុមាលភាពជូនមន្ត្រីរាជការក្រសួងអធិការកិច្ច។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរដើម្បីលើកកម្ពស់ សុខុមាលភាពមន្ត្រីរាជការក្រោមឱវាទនៃក្រសួងអធិការកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការផ្តល់សេវាសុខាភិបាលដោយមន្ទីរពេទ្យព្រះកេតុមាលាជូនមន្ត្រីរបស់ក្រសួង និងក្រុមគ្រួសារផងដែរ។
តាមរយៈចុះ MOU នេះ មន្ត្រីរាជការក្រសួង ឪពុកម្តាយបង្កើត ប្រពន្ធឬប្ដី កូនបង្កើតរបស់មន្ត្រីរាជការក្រោមឱវាទរបស់ក្រសួងអធិការកិច្ច នឹងទទួលបានការពិនិត្យ ការព្យាបាល និងសម្រាកព្យាបាលជំងឺ និងសម្រាលកូន ដោយបញ្ចុះតម្លៃ ៥០ភាគរយ។
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ហួត ហាក់ បានអរគុណដល់ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច និងក្រសួងការពារជាតិនៅអាណត្តិរាជរដ្ឋាភិបាលទី៦ ដែលបានផ្តួចផ្តើម និងអនុញ្ញាតឱ្យមានការបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីអរគុណដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះកេតុមាលា ដែលបានប្រើកម្លាំងកាយចិត្តបំពេញតួនាទីមិនខ្លាចនឿយហត់ ប្រកបដោយវិជ្ជាជីវៈ និងមនសិការទទួលខុសត្រូវខ្ពស់ ដែលបាន ជួយសង្គ្រោះជីវិត និងពិនិត្យព្យាបាលមន្ត្រីរាជការរបស់ក្រសួងអធិការកិច្ច។
លោករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងគាំទ្រឱ្យមានការបន្តរៀបចំវេទិកាសុខភាពឱ្យបានទូលំទូលាយ ដើម្បី ផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកសុខភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអធិការកិច្ច។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យតំណាងក្រសួងការពារជាតិ និងមន្ទីរពេទ្យព្រះកេតុមាលា បន្តចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាជីវៈអធិការកិច្ចដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច៕