រដ្ឋមន្ត្រីមហាផ្ទៃច្រានចោលការលើកឡើងថាមានមនុស្សជាង ១០ម៉ឺននាក់រងគ្រោះពីការឆបោក និងបង្ខិតបង្ខំឱ្យធ្វើការខុសច្បាប់នៅកម្ពុជា
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាក់ថាមិនមានការបង្ខិតបង្ខំមនុស្សជាង ១០ម៉ឺននាក់មកធ្វើការដោយខុសច្បាប់ និងឆបោកតាមអនឡាញនៅកម្ពុជាដូចការចោទប្រកាន់នោះទេ។ លោកបានបង្ហាញរបាយការណ៍នៃការបង្ក្រាបក្នុងឱកាសអញ្ជើញប្រារព្ធ ទិវាជាតិប្រឆាំងការជួញដូរមនុស្សក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នារសៀលថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ថ្លែងក្នុងឱកាសនោះ លោក ស សុខា បានអះអាងថា ក្នុងរយៈពេល ១ឆ្នាំមកនេះ កម្លាំងសមត្ថកិច្ចបានធ្វើការអន្តរាគមន៍ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់ ១ ២១៣ករណី ក្នុងនោះករណីបង្ខំធ្វើការដោយខុសច្បាប់មានចំនួន ២៥៩នាក់ ស្រី៤៨នាក់ មាន ៧សញ្ជាតិ ដែលបានសន្និដ្ឋានថា ជាករណីជួញដូរមនុស្ស។
លោកបន្ថែមថាសមត្ថកិច្ចក៏បានស្វែងរកចាប់ជនសង្ស័យប្រព្រឹត្តបទល្មើស បាន ៩១នាក់ (មានបីសញ្ជាតិ) ក្នុងករណីបង្ខាំង និងជនសង្ស័យ ៣៥នាក់ (មាន ៤សញ្ជាតិ)។ ពាក់ព័ន្ធករណីជួញដូរមនុស្សបញ្ចូនទៅតុលាការ បិទទីតាំងប្រព្រឹត្តបទល្មើសមានចំនួន ៥ទីតាំង និងបើកការស៊ើបអង្កេតករណ៍សម្អាតប្រាក់សរុប ១០ករណី។
លោកថា៖ «នេះជាលទ្ធផលជាក់ស្ដែង ដែលត្រូវបានរកឃើញក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងអាចបញ្ជាក់ជាភស្ភុតាងជាក់ស្ដែង ថាមិនមានជនរងគ្រោះ ដែលកំពុងជាប់ក្នុងការបង្ខាំង ឬបង្ខំធ្វើការខុសច្បាប់ តាមប្រព័ន្ធល្បែងឆបោក រហូតដល់ទៅ ១០ម៉ឺននាក់ដូចការផ្សព្វផ្សាយចោទប្រកាន់ឡើយ»។
ការរកឃើញនេះគឺបានឆ្លើយតបទៅនឹងរបាយការណ៍របស់ UNOHCHR ដែលបានចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២៣ ដោយបានធ្វើការប៉ាន់ប្រមាណថាមនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ហំឱ្យធ្វើការពីជនឧក្រិដ្ឋឱ្យធ្វើការទាក់ទងនឹងការឆបោកអ៊ិនធើណិតរាប់ចាប់ពីការបោកលុយតាមរយៈមនោសញ្ចេតនា កាក់ Crypto និងល្បែងខុសច្បាប់ ក្នុងប្រទេស៥នៅតំបន់អាស៊ីអាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ឡាវ ថៃ មីយ៉ានម៉ា និងភីលីពីន។
ក្នុងរបាយការណ៍នោះបានប៉ាន់ប្រមាណថាមានមនុស្សប្រមាណ ១០ម៉ឺននាក់ត្រូវបានបង្ខំឱ្យធ្វើការក្នុងការបោកបញ្ឆោតខាងលើនៅប្រទេសកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថាក្នុងតួនាទីជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកបានប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកថាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីលើកកម្ពស់សន្តិសុខ សុវត្ថិភាពមនុស្សជាតិ និងលើកកម្ពស់សក្តានុពលនៃធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យ។ លោកបានណែនាំឱ្យពង្រឹងការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នពីការបោកប្រាស់ទាំងនេះ។
លោកបានបង្ហាញក្ដីសង្ឃឹម និងជឿជាក់ថា ស្ថានតំណាងនៃបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការងារក្នុងគោលដៅប្រឆាំងអំពើជួញដូរមនុស្ស នឹងនៅតែបន្តកិច្ចសហការ ឲ្យបានកាន់តែទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការពារសិទ្ធិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃបណ្តាប្រទេស ដែលត្រូវបានឧក្រិដ្ឋជនជួញដូរ និងកេងប្រវ័ញ្ញតាមគ្រប់រូបភាព៕