រដ្ឋាភិបាលបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករក្នុងវិស័យកាត់ដេរនៃរោងចក្រ ទាំង២៣ ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៤)។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាលបន្តផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារ ខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៣ នៃរោងចក្រទាំង២៣ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាម ស្មារតីនៃសេចក្តីណែនាំ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្តីពីការព្យួរកិច្ចសន្យាការងារ កម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល។
ក្នុងសេចក្តីជូនដំណឹងឱ្យដេងទៀតថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៨១ ០០០រៀល (២០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ។
ក្រសួងការងារ បានរំឭកថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះទៅរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករនិយោជិត ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារវីង (ខេមបូឌា) ម.ក។
ទន្ទឹមនោះ ក្រសួងបានបញ្ជាក់ទៀតថា ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ កម្មករនិយោជិតត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីង ហើយមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។
ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រទាំង២៣ នេះមិនបានទទួលសារទូរសព្ទពីធនាគារវីង (ខេមបូឌា) ម.ក ត្រូវធ្វើការទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្ររបស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មករនិយោជិតរោងចក្រដទៃផ្សេងទៀត ដែលទទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ៕