កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តដឹកប្រេង ប៉ះជាមួយម៉ូតូមួយគ្រឿង រួចរ៉េចង្កូតទៅបុកជាមួយរថយន្តដឹកកម្មករក្រឡាប់ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ស្រុកគងពិសី បណ្ដាលឱ្យអ្នកបើកម៉ូតូម្នាក់ស្លាប់ និងរងរបួសកម្មករនិយោជិតចំនួន ៤៥នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ប្រហែល ៥កន្លះព្រឹកព្រលឹម។ កម្មករនិយោជិតចំនួន ៤៥នាក់ ដែលរងរបួសត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា ជនរងគ្រោះទាំង ៤៥នាក់នោះ ត្រូវបានជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។ ដោយឡែកសពជនរងគ្រោះចំនួន ១នាក់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសពដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕