ព្រះសីហនុ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ឱ្យដឹងថា ក្រុមល្បាតជលផលនិងសហគមន៍នេសាទ បានប្រទះឃើញត្រីបាណន់គីង្គក់ឬ Whale Shark មួយក្បាល នៅកោះរ៉ុង។
ការប្រទះឃើញនេះ ក្នុងអំឡុងពេលក្រុមការងារជលផល ចេញល្បាតទប់ស្កាត់បទល្មើស នាវេលាម៉ោង ៥ និង១០នាទីល្ងាច ត្រង់ចំណុចមុខឆ្នេរកូកូណាត់ ក្នុងដែនសហគមន៍នេសាទ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ជាទូទៅ ត្រីបាណន់គីង្គក់ ស៊ីកូនបង្គា មឹក និងកូនត្រី ជាអាហារ មានប្រវែងរហូតដល់៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង១០០ឆ្នាំ។ ត្រីនេះត្រូវបានចាត់ជាប្រភេទជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN។ ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន៕