ហាណូយ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ជាដំណើរលើកដំបូងរបស់សម្ដេចទៅកាន់ប្រទេសនេះជាលើកដំបូងបន្ទាប់ពីកាន់កិច្ចការជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
ឈានជើងដល់រដ្ឋធានីហាណូយនៅរសៀលថ្ងៃទី១១ ខែធ្នូ សម្ដេចធិបតីត្រូវបានទទួលស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម មុននឹងធ្វើដំណើរជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ (PHAM Minh Chinh) នៅវិនមានរដ្ឋាភិបាលក្នុងរដ្ឋធានីណាហូយ។ ក្នុងជំនួបនោះនាយករដ្ឋមន្ត្រីវៀតណាមបានអបអរសាទរចំពោះសម្ដេចធិបតីកដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្ដាលបក្សប្រជាជនលើកទី៤៤ បោះឆ្នោតជ្រើសរើសជាអនុប្រធាននៃគណបក្សប្រជាជនកម្ពុជា និងបង្ហាញការជឿជាក់ពីទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀតផងដែរ។
បន្ទាប់ពីជំនួបនេះភាគីទាំងក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការចំនួន៣ រវាងកម្ពុជា-វៀតណាមដោយរួមមាន អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម និងអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ។
មិនទំនេរនោះទេបន្ទាប់ពីជួបនាយករដ្ឋមន្ត្រីវៀតណាម សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាមានជំនួបជាបន្តជាមួយ អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក ង្វៀន ហ៊្វូចុង (Nquyen Phu Trong) ដោយក្នុងជំនួបនោះសម្ដេចធិបតីបានបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចគឺបន្តនូវគោលបាយនានាពីមុនរបស់បក្សប្រជាជនក្នុងការរក្សាទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ពូនជ្រុំក្នុងស្មារតីមិត្តភាព គាំទ្រគ្នាទៅវិញទៅមក និងពង្រឹងនូវសក្ដានុពលថ្មីៗបន្ថែមទៀតផងដែរ។
ចំពោះជំនួបជាមួយប្រធានរដ្ឋវៀតណាមលោក វ៉ វ៉ាន់ធឿង (Vo Van Thuong) វិញលោកប្រធានរដ្ឋវៀតណាមបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីទៅវៀតណាមនៅពេលនេះគឺជាការបង្ហាញនូវការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏ល្អរវាងប្រទេស និងប្រជាជនទាំងពីរ។
ទាំងអគ្គលេខាបក្សកុំកម្មុយនីស្តវៀតណាម និងប្រធានរដ្ឋវៀតណាមសុទ្ធតែមានជំនឿថារោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលពោរពេញដោយថាមភាពនេះ គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់ខ្លាំងក្លាទៅមុខបន្ថែមទៀត ។
ក្រៅពីអ្នកទាំង៣ខាងលើសម្ដេចធិបតីក៏បានជួបជាមួយអ្នកដែលមានអំណាចមួយទៀតនៅប្រទេសវៀតណាមគឺប្រធានរដ្ឋសភាលោក វឿង ឌិញហ្វេ (Vuong Dinh Hue) ដោយបានរម្លឹកពីអនុស្សាវរីយ៍ល្អក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ រួមទាំងជំនឿចិត្តលើការដឹកនាំប្រទេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ ខណៈសម្ដេចធិបតីបានបានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែង និងជាលក្ខណៈប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងរយៈកាលនៃចំណងការទូតប្រមាណ ៥៦ឆ្នាំកន្លងមកនេះ។
កាលពីយប់ថ្ងៃទី១១ ខែធ្នូ រដ្ឋាភិបាលវៀតណាមក៏បានរៀបចំពិធីជប់លៀងផ្លូវការមួយជូនដល់សម្ដេចធិបតី និងប្រតិភូកម្ពុជាផងដែរ។
ប្រធានអគ្គនាយកក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅវៀតណាម Viettel លោក តាវ ឌុចថាង (Tao Duc Thang) បានចូលជួបសម្ដែងការគួរសមជាមួយសម្ដេចធិបតីផងដែរនៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយក្នុងនោះ លោក តាវ ឌុចថាង បានជម្រាបជូនសម្តេចធិបតីអំពីការអភិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា និងបានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងការសម្របសម្រួលបង្កលក្ខណៈដល់ដំណើរការធុរកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជា។ ជាការឆ្លើយតបសម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន Viettel ដែលទទួលបានជោគជ័យនៅក្នុងប្រតិបត្តិការអាជីវកម្មទាំងនៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា និងបានអរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា រួមទាំងការវិនិយោគនៅក្នុងវិស័យទូរគមនាគមន៍តាមរយៈក្រុមហ៊ុនមិត្តហ្វូន (Metfone)។
មុនចាកចេញដំណើរពីវៀតណាមមកកម្ពុជាសម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានយកកម្រងផ្កាគោរពវិញ្ញាណក្ខន្តដល់យុទ្ធជនពលីវៀតណាម និងអតីតប្រធានរដ្ឋ និងជាស្ថាបនិករដ្ឋសង្គមនិយមវៀតណាម លោក ហូ ជីមីញ នៅរដ្ឋធានីហាណូយផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងដឹកនាំប្រតិភូត្រលប់មកកម្ពុជាវិញនារសៀលថ្ងៃទី១២ ខែធ្នូនេះ ដែលតាមគម្រោងអាចនឹងចុះចតនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោងប្រមាណ ៧យប់៕