
ជំនួបពាណិជ្ជកម្មស្តីពី «ការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ» នឹងធ្វើឡើងនៅពិព័រណ៍ផលិតផលខ្មែរចុងសប្តាហ៍នេះ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំជំនួបស្តីពី «ការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ» នៅក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ វេលាម៉ោង៨:០០នាទីព្រឹក។
ជំនួបពាណិជ្ជកម្មនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលខ្មែរទៅ កាន់ទីផ្សារក្រៅប្រទេស ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ វិនិយោគ និងសេដ្ឋកិច្ច។
ជំនួបពាណិជ្ជកម្មនេះ អមជាមួយការតាំងបង្ហាញផលិតផលសក្តានុពលខ្មែរក្នុងវិស័យផ្សេងៗ រួមមាន ម្ហូបអាហារ និង ភេសជ្ជៈ សិប្បកម្មធ្វើដោយដៃ និងផលិតផលកសិឧស្សាហកម្ម ជាពិសេសផលិតផលអង្ករ ស្វាយចន្ទី ចេកអំបូងលឿង មៀនប៉ៃលិន និងម្រេច។
នៅក្នុងពិព័រណ៍ផលិតផលខ្មែរដែលរៀបចំរយៈពេល២ថ្ងៃពីថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២៣ នឹងជំរុញទាក់ទាញ អ្នកវិនិយោគិន ធុរជន និងភ្ញៀវទេសចរមកកាន់កម្ពុជា ខណៈវត្តមានចូលរួម ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ព្រឹត្តិការណ៍នេះ និងជួយជំរុញសក្តានុពលបន្ថែមសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា៕