អាជ្ញាធរមីន ទទួលបាន «ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីន» ពីអង្គការស្មារតីនៃអ្នកកីឡា
ភ្នំពេញ៖ «ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីន» ត្រូវបានអង្គការស្មារតីនៃអ្នកកីឡា (Spirit of Soccer_SOS) ប្រគល់ជូនទៅអនុប្រធានទី១ អាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដែលពានរង្វាន់នេះគឺជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងស្ថាប័នអាជ្ញាធរមីនទាំងមូល។
ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា ពានរង្វាន់នេះ មិនមែនសម្រាប់តែរូបលោក និងស្ថាប័នអាជា្ញធរមីននោះទេ តែជាពានរង្វាន់សម្រាប់ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញកាតព្វកិច្ច និងការទទួលបាននូវសមិទ្ធផលរួមគ្នារបស់រដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូរអភិវឌ្ឍន៍ ប្រតិបត្តិករ សប្បុរសជន គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានផ្តល់ការគាំទ្រដោយគ្មានលក្ខខណ្ឌដល់សកម្មភាពមីននៅកម្ពុជា ក្នុងការជម្នះរាល់បញ្ហាប្រឈមនានាបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ទេសរដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖ «ពានរង្វាន់នេះ គឺជាពានរង្វាន់កើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពជូនប្រទេសជាតិ សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះនៃសកម្មភាពមីន និងការអភិវឌ្ឍ។ ជាងនេះទៅទៀត វាកើតចេញពីការតាំងចិត្តយ៉ាងមុះមុតរបស់ សម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះចក្ខុវិស័យរបស់សម្តេចក្នុងការបន្តការពារសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិ និងដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន»។
ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលរយៈពេលជាង ៣០ឆ្នាំ នៃសកម្មភាពមីន គឺបានមកពីការរួមចំណែកគាំទ្រឥតឈប់ឈររបស់ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងនោះរួមទាំងអង្គការ SOS ដែលបានចូលរួមមកបំពេញការងារនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៦ ក្នុងកម្មវិធីបាល់ទាត់ និងការអប់រំយល់ដឹងអំពីមីនដល់កុមារកម្ពុជា និងសហគមន៍រងផលប៉ះពាល់ ក្នុងការបង្ការទប់ស្កាត់ការរងរបួស ការស្លាប់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងសហគមន៍ ដើម្បីបង្កើនសកម្មភាពសង្គម និងសេដ្ឋកិច្ច ឡើងវិញ។
ចាប់តាំងពីឆ្នាំ១៩៩៦ អង្គការ SOS បាននិងកំពុងផ្តល់ការអប់រំអំពីហានិភ័យនៃកិច្ចសង្គ្រោះជីវិតដល់កុមារ និងសហគមន៍នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ឬក្រោយសង្រ្គាម នៅក្នុងប្រទេសជាង១០ ជុំវិញពិភពលោក ដោយបានអប់រំដោយផ្ទាល់ដល់កុមារជាង ១លាននាក់ និងបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្វឹកបាល់ទាត់ជាង ២ពាន់នាក់។
អង្គការ SOS បានចាប់ផ្តើមបំពេញការងាររបស់ខ្លួននៅប្រទេសកម្ពុជា ក្នុងកម្មវិធីបាល់ទាត់ និងអប់រំការយល់ដឹងអំពីមីន ចាប់តាំងពីឆ្នាំ២០០៦ ហើយបានបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់ចំនួន ១៦៧នាក់ ក្នុងកម្រិតទទួលស្គាល់ជាអន្តរជាតិ និងបានជួយសង្រ្គោះជីវិតកុមារជាង ៥០០ ០០០នាក់ រួមទាំងសហគមន៍រងផលប៉ះពាល់ផងដែរ៕