កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមកោតសរសើររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

ហាណូយ៖ អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូចុង បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើន រហូតនាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។

លោក ង្វៀន ហ៊្វូចុង (Nguyen Phu Trong) ថ្លែងបែបនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបនេះ លោក ង្វៀន ហ៊្វូចុង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះផងដែរ អគ្គលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងមានវឌ្ឍនភាពរីកចម្រើនរឹងមាំបន្ថែមទៀត។

លោក ង្វៀន ហ៊្វូចុង ក៏បានបង្ហាញនូវ សុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចធិបតី គឺកម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏នឹងត្រូវបាន លើកកម្ពស់ឱ្យកាន់តែប្រសើរធូរធារចម្រុងចម្រើន ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តែងការគួរសមចំពោះ លោក ង្វៀន ហ៊្វូចុង ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៩ កន្លងទៅ និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ អគ្គលេខាធិការបក្សផងដែរ។

ដោយឡែក សម្តេចធិបតី ក៏បានរំឭកឡើងវិញអំពីដំណើរទស្សនកិច្ចផ្លូវការជាច្រើនលើកមកកាន់ប្រទេសវៀតណាម នៅពេលដែលសម្តេចធិបតី កាន់មុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ជាពិសេសការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ចាក់ផងដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ក៏នៅបន្តអនុវត្តគោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជាប្រកបដោយសង្គតិភាព និងនិរន្តរភាព ហើយតាមរយៈគោលនយោបាយដែលបានដាក់ចេញនេះ ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងត្រូវបានបន្តពូនជ្រំក្នុងស្មារតីមិត្តភាពជាប្រពៃណី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ព្រមជាមួយនឹងការពង្រឹងពង្រីកលើផ្នែកសក្តានុពលថ្មីៗបន្ថែមទៀតផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក